សេចក្តីព្រាងច្បាប់ដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែកំពុងកែសម្រួលឲ្យមានភាពកាន់តែប្រសើរ

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ” ត្រូវបានក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលើ​ក​យកមកប្រជុំពិនិត្យកែសម្រួលបន្ត សំដៅដល់ការសម្រេចឱ្យបានច្បាប់ថ្មីមួយ ដែលមានភាពកាន់តែល្អប្រសើរ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ។

កិច្ចប្រជុំនេះដឹកនាំដោយលោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីបន្តពិនិត្យពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បន្តពិនិត្យពិភាក្សាលើសំណើសុំផ្តល់ធាតុចូល និងចូលរួមផ្តល់យោបល់ខ្លឹមសារលើមាត្រាមួយចំនួន នៃសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីឱ្យមានអត្ថន័យគ្រប់ជ្រុងជ្រោយ ធានាដល់ការអភិវឌ្ឍ និងការគ្រប់គ្រងកំពង់ផែកាន់តែប្រសើរឡើង។

បន្ថែមពីនេះ អង្គប្រជុំក៏បានពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលឡើង​វិញ ពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យនៃវាក្យស័ព្ទមួយចំនួនឱ្យស្របនឹង “គោលនយោបាយជាតិកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែ” ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកន្លងមក។

ក្រោយពីទទួលបានអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារបច្ចេកទេសតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ បានរៀបចំកិច្ចប្រជុំនេះឡើងជាបន្តបន្ទាប់ ដើម្បីពិនិត្យពិភាក្សា និងកែសម្រួលលើមាត្រាសំខាន់ៗមួយចំនួន ធ្វើយ៉ាងណាឱ្យច្បាប់នេះ មានអត្ថន័យគ្រប់ជ្រុងជ្រោយ ធានាដល់ការអភិវឌ្ឍ និងបម្រើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែបានកាន់តែល្អប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់ការធ្វើនាវាចរ មានលក្ខណៈងាយស្រួល ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនានានៅក្នុងតំបន់ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here