ដោយ: គង់ លាងហួរ
ហ្សាការតា: កម្ពុជា និងឥណ្ឌូនេស៊ី បានពិភាក្សាគ្នាបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ តាមរយៈការជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សាររបស់ឥណ្ឌូនេស៊ី។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបនៅទីក្រុងហ្សាកាតា កាលពីពេលថ្មីៗនេះ រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Enggartiasto Lukita។
កិច្ចពិភាក្សានេះផ្តោតជាសំខាន់លើការជំរុញពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូនេស៊ី។

ថ្លែងក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិបានជំរុញឱ្យភាគីឥណ្ឌូនេស៊ី នាំចូលកសិផលពីកម្ពុជា ដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី និងផ្លែស្វាយ ដែលជាផលិតផលដ៏មានសក្តានុពល ដែលកម្ពុជាបាននិងកំពុងជំរុញឱ្យមានការនាំចេញ។
លោកក៏បានជំរុញឱ្យវិនិយោគិនឥណ្ឌូនេស៊ីពិចារណាលើការវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតម៉ាស៊ីនកិនស្រូវ ការកែច្នៃដំឡូងមីទៅជាផលិតផលឱសថ និងការវេចខ្ចប់សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញផ្លែស្វាយ និងផ្លែឈើជាដើម។

លើសពីនោះ លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា “កម្ពុជាស្នើឱ្យមានការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់លំហូរនៃអ្នកវិនិយោគ អ្នកជំនួញ និងភ្ញៀវទេសចរឥណ្ឌូនេសុីផងដែរ”។
ដោយបានកត់សម្គាល់ថា ប្រទេសកម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរុឹងមាំ និងមានភាពធន់ ភាគីឥណ្ឌូនេស៊ីបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញលំហូរពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ៕








