ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន ដល់វិស័យឯកជន

 ដោយៈ និស្ស័យ

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន មកពីខេត្តក្វាងទុង ប្រទេសចិន បានរៀបចំសន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិត​ផលនាំចេញ-នាំចូលចិន លើកទី១៣៣ នៅខេត្តក្វាងទុង ប្រទេសចិន ដោយបានអញ្ញើញពាណិជ្ជករជនជាតិចិន និងពាណិជ្ជករកម្ពុជា បានជួបប្រាស្រ័យទាក់ទងគ្នា។

សន្និសីទនេះ បា្ររព្ធធ្វើឡើងក្រោមវត្តមាន លោក អ៊ុក ទី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ១០០នាក់ ជាពាណិជ្ជករជនជាតិចិន និង ពាណិជ្ជករកម្ពុជា ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា ដែលមានបំណងចង់រកដៃគូ ពាណិជ្ជកម្មជាមួយប្រទេសចិន ដោយសភាពាណិ​ជ្ជកម្មកម្ពុជា នឹងមានគម្រោងរៀបចំ បេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាខែកញ្ញាខាងមុខ ដោយឆ្លងកាត់ទីក្រុងក្វាងចូវ      រយៈពេលខ្លី ដើម្បីធ្វើជំនួបពាណិជ្ជកម្ម បន្ទាប់មកប្រតិភូសភាពាណិជ្ជកម្មនឹងបន្តដំណើរ ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦-២០ ឆ្នាំ២០២៣នាពេលខាងមុខ។

លោកចាង ស៊ឺ ហុង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិនបានឲ្យដឹងថា ពិព័រណ៍នេះ ជាព្រឹត្តការណ៍ពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន ជាចំណុចប្រសព្វរវាងពាណិជ្ជករ អាជវីករ ទាំងអស់ទូទាំងពិភពលោក មកជួបជុំគ្នា និងស្វែងរកដៃគូពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនរាប់ម៉ឺនចូលរួម ជាពិសេសក្រុមហ៊ុនធំៗរបស់ប្រ​ទេសចិនចំនួនជិត៥០០០បានចូលរួម។

ក្រៅពីការតាំងបង្ហាញនូវផលិតផលនាំចេញ-នាំចូល និងបច្ចេកវិទ្យាទំនើបៗ ក៏មានរៀបចំវេទិកាធុរកិច្ចជាច្រើនទៀត និងមានរៀបចំតាំងបង្ហាញផលិតផល តាមអនឡាញពេញមួយឆ្នាំផងដែរ។

លោកអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀត លើសពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។

លោកបានបន្តថា កម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាល នៃប្រទេសកម្ពុជា-ចិន ក្នុងក្រប​ខ័ណ្ឌគោ​លនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវា​សនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស១២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here