ដោយៈ សុខុម
ប៉េកាំង: នៅក្នុងរបាយការណ៍បូកសរុប លទ្ធផលការងាររបស់រដ្ឋាភិបាលក្នុងឆ្នាំនេះ ប្រទេសចិន បានសន្យាថានឹងធានាការពារ និងកាត់បន្ថយហានិភ័យ នៅក្នុងបណ្ដាក្រុមហ៊ុនអចលនទ្រព្យ ឈានមុខគេប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនេះ រដ្ឋាភិបាលចិន ក៏នឹងជួយឱ្យក្រុមហ៊ុនទាំងនោះកែលម្អនូវអនុបាតបំណុល ធៀបនឹងទ្រព្យសកម្ម និងទប់ស្កាត់ការពង្រីកទីផ្សារអចលនទ្រព្យ ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីលើកកម្ពស់កំណើនប្រកបដោយស្ថិរភាពផងដែរ។ នេះបើយោងតាមសារព័ត៌មាន China Daily ចុះផ្សាយកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

ដើម្បីទប់ទល់ហានិភ័យជាប្រព័ន្ធ ដែលបង្កឡើងដោយហានិភ័យអចលនទ្រព្យ និងហានិភ័យក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងបំណុលរបស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន ក្រុងប៉េកាំង នឹងចាត់វិធានការដ៏ត្រឹមត្រូវដើម្បីផ្តល់ការគាំទ្រស្មើៗគ្នា ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរដ្ឋ និងឯកជនដើម្បីកែលម្អស្ថានភាពបំណុល និងទ្រព្យសកម្មរបស់ពួកគេ ក៏ដូចជាបំពេញតម្រូវការហិរញ្ញវត្ថុ សមហេតុផលរបស់ពួកគេផងដែរ។
ទន្ទឹមនេះ វិធានការនានានឹងគាំទ្រ ដល់ក្រុមហ៊ុនអចលនទ្រព្យដែលមានហានិភ័យឱ្យរស់រានឡើងវិញ ជាមួយនឹងការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើការរំលោភ ផលប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ ដោយឈរលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិ។
ក្រុងប៉េកាំង ក៏នឹងមានការចាត់វិធានការម៉ឺងម៉ាត់ ដើម្បីកែតម្រូវសណ្ដាប់ធ្នាប់នៃទីផ្សារអចលនទ្រព្យ និងបង្កើតបរិយាកាសទីផ្សារដែលមានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត។
វិធានការនេះក៏ផ្តល់នូវការគាំទ្រ ដល់ផ្នែកផ្គត់ផ្គង់ផងដែរ និងជួយបន្ធូរបន្ថយភាពតានតឹង ផ្នែកសាច់ប្រាក់ក្នុងវិស័យនេះ ដោយទប់ស្កាត់ និងដោះស្រាយហានិភ័យ របស់បណ្ដាក្រុមហ៊ុនលំនៅដ្ឋានឈានមុខគេ និងការកែលម្អតារាងតុល្យការ របស់ក្រុមហ៊ុនទាំងនោះ។ នេះបើយោងតាមក្រុមហ៊ុនមូលបត្រ China Galaxy Securities Co., Ltd។
ក្រុមហ៊ុនមូលបត្រ Everbright Securities Limited បានព្យាករថា ដោយផ្អែកលើការគ្រប់គ្រង យ៉ាងតឹងរ៉ឹងលើទំហំបំណុល គំរូឧស្សាហកម្ម នៃការអភិវឌ្ឍលំនៅដ្ឋានពាណិជ្ជកម្ម នឹងត្រូវបានរៀបចំឡើងវិញ តាមរយៈការបំពេញឱ្យបាន តាមតម្រូវការហិរញ្ញវត្ថុសមហេតុផលនៃទីផ្សារ និងដោះស្រាយដោយប្រុងប្រយ័ត្ន នូវហានិភ័យរបស់ក្រុមហ៊ុនឈានមុខគេមួយចំនួនជាមួយនឹងផែនការអភិវឌ្ឍន៍កែប្រែថ្មី ដែលនឹងជំរុញកំណើនប្រកបដោយភាពរឹងមាំ និងនិរន្តរភាពនៃវិស័យអចលនទ្រព្យ៕ ChinaDaily៕








