ប្រជាជន​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ប្រសើរស្របពេល ​ផ្លែ​ស្វាយ​បាននាំចូល​ទីផ្សារ​ចិន​កាន់​តែ​ច្រើន

ដោយ: គង់ លាងហួរ

កំពង់ស្ពឺ: អ្នកនាងឡាយ ម៉េងលាង បុគ្គលិកបំរើការងារនៅក្រុមហ៊ុន Zhong Bao (Cambodia) Food Science & Technology Co., Ltd. ទទួលបានប្រាក់ខែកាន់តែប្រសើរឡើង បន្ទាប់ពីរោងចក្រទទួលបានការបញ្ជាទិញ កើនឡើងគួរឱ្យកត់សម្គាល់ពីប្រទេសចិន។

អ្នកនាង ឡាយ ម៉េងលាង ដែលបានធ្វើការនៅរោងចក្រនេះអស់រយៈពេល៣ឆ្នាំ បានកត់សម្គាល់ពីការកើនឡើង នៃការបញ្ជាទិញពីប្រទេសចិនចាប់តាំងពីឆ្នាំ២០២២ ដែលជាឆ្នាំកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានចូលជាធរមាន។

កម្មការិនី​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា ​នៅក្នុង​រយៈពេល២​ឆ្នាំ​ដំបូង​ គាត់ទទួល​បាន​ប្រាក់​ខែ​ប្រហែល​២០០​ដុល្លារ​ប៉ុណ្ណោះ​ ព្រោះ​មិន​សូវ​មាន​ការងារ​ធ្វើ ប៉ុន្តែ​ក្រោយ​ចូល​ឆ្នាំ​២០២២​ គាត់បាន​ប្រាក់​ខែ ប្រហែល៣៥០ដុល្លារ​អាមេរិក ព្រោះ​បន្ទុក​ការងារ​កើនឡើង​តម្រូវ​ឱ្យ​គាត់ធ្វើការ​ថែម​ម៉ោង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គាត់បាន​បញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា​ “ខ្ញុំ​រីករាយ​ដែល​បាន​ឃើញ​ផ្លែស្វាយ​របស់​កម្ពុជា ​បន្ថែម​ទៀត​ត្រូវ​នាំចេញ​ទៅ​ប្រទេស​ចិន​ ហើយការគាំទ្ររបស់អតិថិជនចិន ចំពោះផ្លែស្វាយរបស់យើងបានផ្តល់ផលប្រយោជន៍ ដោយផ្ទាល់ដល់កម្មករ និងកសិករ”។

អ្នកនាងបានបន្តថា “ការគាំទ្ររបស់ប្រទេសចិន សម្រាប់ផលិត​ផលកសិកម្មរបស់យើង មិនត្រឹមតែបានជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែក ដល់ការលើកកម្ពស់ជីវភាពរបស់កម្មករ និងកសិករផងដែរ”។

លោក ហ៊ាន វីលី ដែលមានអាយុ២១ឆ្នាំ ជាអ្នកត្រួតពិនិត្យគុណភាពផ្លែស្វាយ នៅរោងចក្រផលិតផ្លែស្វាយ បានមានប្រសាសន៍ថា “លោកចូលចិត្តការងាររបស់លោក ព្រោះវាងាយស្រួលធ្វើ និងទទួលបានប្រាក់ចំណូលល្អ”។

លោកបានប្រាប់សារពត៌មាន Xinhua ថា “ជាមួយនឹងការងារបន្ថែមម៉ោង ខ្ញុំអាចរកប្រាក់បានពី៣០០ ទៅ៤០០ដុល្លារក្នុងមួយខែ ហើយវាជាការល្អ ដែលអតិថិជនចិនជួយទិញផលិតផលខ្មែរ ពីព្រោះការទិញរបស់ពួកគេ បានបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា និងកាត់បន្ថយការធ្វើចំណាកស្រុក”។

លោក រ៉េត សុងហេង ប្រធានរដ្ឋបាលនៃក្រុមហ៊ុន Zhong Bao (Cambodia) Food Science & Technology Co., Ltd. បានមានប្រសាសន៍ថា “រោងចក្រផលិតផ្លែស្វាយនេះ បានផ្តល់ការងារដល់ប្រជាជន ក្នុងស្រុកជាង៨០០នាក់ ដោយផលិតផ្លែស្វាយស្ងួតសម្រាប់ទីផ្សារប្រទេសចិន”។

លោកបានប្រាប់សារពត៌មាន Xinhua ថា “ផលិតផលរបស់យើងមានគុណភាពខ្ពស់ និងមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសចិន ហើយរោងចក្របានទិញស្វាយទុំ ដែលមានគុណភាពខ្ពស់ពីឈ្មួញកណ្តាល និងកសិករសម្រាប់កែច្នៃវាទៅជាស្វាយស្ងួត”។

លោកបានបញ្ជាក់ថា “រោងចក្រនេះបាននាំចេញផ្លែស្វាយស្ងួតសរុបចំនួន២.៨០០តោន ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២ ពោលគឺកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំចន្លោះពី១០ទៅ២០ភាគរយ”។

លោកបានបន្ថែមថា “សម្រាប់ឆ្នាំ២០២៣នេះ រោងចក្រគ្រោងនឹងផលិតផ្លែស្វាយស្ងួត បានសរុបចំនួន៤.២០០តោន ដោយសារតែមានការកើនឡើងយ៉ាងខ្លាំង នៃការបញ្ជាទិញពីអតិថិជនចិន”។

លោក រ៉េត សុងហេង បានវាយតម្លៃថា កំណើននៃការនាំចេញនេះជំរុញមកពីកិច្ចព្រមព្រៀង RCEP និង CCFTA ដោយកិច្ចព្រមព្រៀងទាំងនេះ បានជួយកាត់បន្ថយថ្លៃដើមពន្ធ ដែលផ្តល់ឱ្យរោងចក្រនូវលទ្ធភាពកាន់តែច្រើន ក្នុងការពង្រីកផលិតកម្មរបស់ខ្លួន ដើម្បីបំពេញតម្រូវការនៅក្នុងទីផ្សារប្រទេសចិន។

លោក​ថ្លែង​ថា​ “ខ្ញុំ​គិត​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ​នឹង​ផ្តល់​ការ​ជំរុញ​ដល់​កិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​កម្ពុជា​-​ចិន​”។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានមានប្រសាសន៍ថា “កម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មយ៉ាងរ៉ឹងមាំ ហើយកម្ពុជាបាននាំចេញអង្ករ ស្វាយ ចេក និងផ្លែមៀន ទៅកាន់ប្រទេសចិន”។

លោក​ ឌិត ទីណា បាន​ធ្វើការកត់​សម្គាល់​ថា “កិច្ចព្រមព្រៀង RCEP និង CCFTA បាន​បញ្ចូល​កម្លាំង​ជំរុញ​ថ្មី​មួយ ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ប្រទេសកម្ពុជា”។

លោកបានបញ្ជាក់ថា “កិច្ចព្រមព្រៀងទាំង២ នឹងរួមចំណែកមិនត្រឹមតែដល់កំណើន នៃវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សុខុមាលភាព និងវិបុលភាពរបស់កសិករផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here