ក្រសួងពាណិជ្ជកម្មចុះMOUជាមួយក្រុមហ៊ុនឯកជនមួយដើម្បីជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិកត្រូនិក

 ដោយៈ និស្ស័យ

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុនឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការផ្សព្វផ្សាយផលិត ផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្រ្តីពាក់ព័ន្ឋ រួមនឹងលោកបណ្ឌិត លី គន់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក និងសហការី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិបានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀ​តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​ លើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជា​​ សម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមានការតភ្ជាប់ រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងPlatform ដែលបង្កើតដោយវិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជាមានលទ្ធភាពពង្រីកទៅកាន់ទីផ្សារក្រៅប្រទេស​ ឱ្យកាន់តែទូលំទូលាយថែមទៀត។

លោកកបន្តថា ផ្អែកតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រេចនូវសមិទ្ធផលជាច្រើនដែលក្នុងនោះរួមមាន ទី១-ការអនុម័ត និងប្រកាសឱ្យប្រើច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ ដែលក្របខណ្ឌគោលនយោ​បាយ និងលិខិតបទដ្ឋានច្បាប់ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគតិយុត្តសម្រាប់គាំទ្រ ដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ទី២-ការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងឆ្នាំ២០២២ និងទី៣-ការចូលរួមចរចាក្នុងជំពូកស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងតំបន់ (RCEP) ហើយដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២២ ផងដែរ។ លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏បាននឹងកំពុងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អនូវហេដ្ឋរចនាសម្ព័ន្ធផ្នែកឌីជីថល និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ផងដែរ។

បន្ថែមពីនេះ ក្រោមគម្រោង Enhanced Integration Framework (EIF) លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានបង្កើតថ្នាល សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCam) ដែលបច្ចុប្បន្នបានទទួលនូវការចុះបញ្ជី និងការគាំទ្រយ៉ាងច្រើនពីវិស័យឯកជន និងបានសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here