ដោយៈ សុផារី
កំពង់ចាមៈ ខេត្តកំពង់ចាមជាខេត្តធំមួយ ដែលមានទំហំសេដ្ឋកិច្ចចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបយ៉ាងច្រើន។ ជាក់ស្តែង ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានសរុបប្រមាណ១.៨០៥លានដុល្លារ ស្មើនឹង៦,៧%នៃសេដ្ឋកិច្ចជាតិសរុប។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម” នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម ជាង១.៨០៥លានដុល្លារនេះរួមចំណែកចំនួន៦,៧%នៃសេដ្ឋកិច្ចជាតិសរុប។
លោកបានឱ្យដឹងថា ខេត្តកំពង់ចាម មានចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១.៥៩២ដុល្លារ។ សេដ្ឋកិច្ចខេត្តកំពង់ចាម មានកំណើន៨,៥% នៅឆ្នាំ២០១៨ និងធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ ឆ្នាំ២០២០ (ធ្លាក់ចុះចំនួន ១,១%) និងកើនឡើងវិញ១,៣% ក្នុងឆ្នាំ២០២១។
លោកអភិបាលខេត្តបានឱ្យដឹងទៀតថា ខេត្តកំពង់ចាមមានសក្តានុពលសេដ្ឋកិច្ច ពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ គឺវិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម។ ក្នុងនោះ ទី១ វិស័យកសិកម្ម មានទំហំ ២.៦៥៧.៣៤៣ លានរៀល និងមានចំណែក ៤១,១% នៃសេដ្ឋកិច្ចខេត្ត និងកំណើនពី ៣,៦% ទៅ ៤% ក្នុងឆ្នាំ២០២១ ដែលក្នុងនោះដំណាំមានកំណើនថេរ ៤,៤% ការចិញ្ចឹមសត្វមានកំណើនពី២,៨% ទៅ៣,៥% ជលផលនេសាទ មានកំណើនពី២,៤% ទៅ៣,៥% និងរុក្ខាប្រមាញ់ មាន១,៤%ថេរ។
ទី២ វិស័យសេវាកម្ម មានទំហំ២.៤៤០.១៣៣លានរៀល និងមានចំណែក៣៧,៧% នៃសេដ្ឋកិច្ចខេត្ត និងមានការថយចុះ៥,៩% ដែលក្នុងនោះលក់ដុំលក់រាយមានការថយចុះ៧,៥% សណ្ឋាគារ និងភោជនីដ្ឋានថយចុះ១២,៥% រដ្ឋបាលសាធារណៈមានកំណើន១៤,៦% ហិរញ្ញ វត្ថុមានកំណើន៣% និងសេវាកម្មផ្សេងទៀតថយចុះ៨,២%។
ទី៣ វិស័យឧស្សាហកម្ម មានទំហំ១.៣៧២.៤៨៨ លានរៀល និងមានចំណែក២១,២% នៃសេដ្ឋកិច្ចខេត្ត និងមានកំណើន១១,៣% ដែលក្នុងនោះរ៉ែមានកំណើន១៨,៤% កម្មន្តសាល១២,៩% អគ្គីសនី ៣% ទឹកស្អាត១,៩% និងសំណង់១,៨%៕