វៀតណាមទាក់ទាញFDIប្រមាណ១,៧ពាន់លានដុល្លារនៅក្នុងខែមករា

ដោយ: គង់ លាងហួរ

ហាណូយ: យោងតាមទីភ្នាក់ងារវិនិយោគបរទេស (FIA) ក្រោមក្រសួងផែនការ និងវិនិយោគវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបានទាក់ទាញលំហូរវិនិយោគ ផ្ទាល់ពីបរទេស(FDI) ប្រមាណ១,៦៩ពាន់លានដុល្លារ នៅក្នុងខែមករា ដោយធ្លាក់ចុះ១៩,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងខែមករា ប្រទេសវៀតណាមបានអនុម័ត គម្រោងវិនិយោគបរទេសថ្មីចំនួន១៥៣ ដែលមានតម្លៃ១,២ពាន់លានដុល្លារ ដែលនេះជាសញ្ញាបញ្ជាក់ទំនុកចិត្តរបស់វិនិយោគិនបរទេស នៅក្នុងបរិយាកាសវិនិយោគរបស់​វៀត​ណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងអំឡុងខែមករា ដើមទុនដែលត្រូវបានបោះបន្ថែម ទៅក្នុងគម្រោងរបស់វិនិយោគិនបរទេស បានធ្លាក់ចុះ៧៦ភាគរយ ក្នុងមួយឆ្នាំ មកត្រឹម៣០៦,៣លានដុល្លារ ខណៈការរួមចំណែកដើមទុន និងការទិញភាគហ៊ុនរបស់ពួកគេ ក៏ធ្លាក់ចុះ៦១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹមជាង១៧៤លានដុល្លារផងដែរ។

ទន្ទឹមនឹងនោះ ដើមទុនដែលបានបញ្ចេញ ក៏បានបង្ហាញឱ្យឃើញនូវសញ្ញានៃការធ្លាក់ចុះ១៦,៣ភាគរយ មកនៅត្រឹម១,៣៥ពាន់លានដុល្លារនៅក្នុងខែមករា។

ឧស្សាហកម្មកែច្នៃ និងផលិត ទទួលបានលំហូរវិនិយោគបរទេសក្នុងទំហំទឹកប្រាក់ចំនួន១,០៥ពាន់លានដុល្លារ ដែលស្មើនឹង៧៧,៦ភាគរយនៃចំនួនសរុប។

នៅក្នុងខែមករា បណ្តាប្រទេស និងដែនដីចំនួន២៨ បានបណ្តាក់ទុនវិនិយោគនៅវៀតណាម ក្នុងនោះប្រទេស​សិង្ហបុរី​ ជា​វិនិយោគិនធំបំផុត ដែលបានបោះទុន ប្រមាណ៧៦៧,៦លាន​ដុល្លារ​ តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន​ ដែលបានបណ្តាក់ទុនចំនួន១៩៨,២លាន​ដុល្លារ។

ទន្ទឹមនឹងនេះ វិនិយោគិនជនជាតិវៀតណាម បានបោះទុនចំនួន១២៦,៧លានដុល្លារ ទៅក្នុងគម្រោងរបស់ពួកគេនៅក្រៅប្រទេស ពោលគឺកើនឡើង៣,៤ដង ធៀបនឹងខែមករាដូចគ្នា ក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here