ដោយ: គង់ លាងហួរ
បាងកក: អាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ (IEAT) គ្រោងវិនិយោគលើគម្រោងថាមពលអ៉ីដ្រូសែន ដែលនឹងរួមបញ្ចូលការប្រើប្រាស់យានជំនិះដើរដោយថាមពលអ៉ីដ្រូសែន ដើម្បីដឹកជញ្ជូនកម្មករនៅក្នុងបរិវេណឧស្សាហកម្មរបស់ខ្លួន និងជាកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត។
អាជ្ញាធរកំពុងពិភាក្សាជាមួយការិយាល័យគោលនយោបាយពាណិជ្ជកម្មនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ទាក់ទងនឹងការវិនិយោគថាមពលស្អាតនៅក្នុងបរិវេណឧស្សាហកម្មរបស់ខ្លួន។
លោក Veeris Ammarapala អភិបាលនៃ IEAT បានមានប្រសាសន៍ថា គម្រោងថាមពលអុីដ្រូសែនត្រូវបានគេរំពឹងថា នឹងត្រូវបានអនុវត្តនៅក្នុងគម្រោង Smart Park ។
គម្រោង Smart Park នេះមានទីតាំងនៅលើផ្ទៃដីទំហំ២២១,២៨ហិកតានៅក្នុងខេត្តរ៉ាក់យ៉ង កំពុងត្រូវបានបង្កើតឡើងដើម្បីបម្រើដល់ឧស្សាហកម្ម S-curve នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។
តំបន់ EEC គ្របដណ្តប់ផ្នែកខ្លះនៃខេត្តឈុន បុរី ខេត្តរ៉ាក់យ៉ង និងខេត្តឆាឆឿងសៅ ដែលនឹងត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ដែលមានឧស្សាហកម្ម S-curve គោលដៅចំនួន១២ រួមទាំងរថយន្តជំនាន់ថ្មី និងគ្រឿងអេឡិចត្រូនិចឆ្លាតវៃផងដែរ។
លោក Veeris បានបន្តថា IEAT ក៏បានចាប់ដៃជាមួយអង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុន និងក្រុមហ៊ុនមួយនៅក្នុងឧស្សាហកម្ម Map Ta Phut ក្នុងខេត្តរ៉ាក់យ៉ង ដើម្បីសិក្សារួមគ្នាលើគម្រោងអភិវឌ្ឍថាមពលអុីដ្រូសែនផងដែរ។
IEAT ក៏បានអញ្ជើញក្រុមវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកំពង់ផែទឹកជ្រៅ Map Ta Phut ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍ៣ដំណាក់កាលលើផ្ទៃដី១៦០ហិកតា៕