ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពឱ្យសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បន្តដាក់ឱ្យដំណើរការ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS) ដើម្បីជួយស្តារអាជីវកម្ម តាមរយៈការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ទោះបីខ្វះទ្រព្យធានាក្តី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះបានប្រកាសបន្តដាក់ឱ្យដំណើរការ “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម” ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣តទៅ រហូតដល់គម្រោងនេះ ត្រូវបានប្រើប្រាស់អស់។
គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ជាគម្រោងធានាឥណទាន ដែលមានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល, ការវិនិយោគ និងការពង្រីកអាជីវកម្ម។
គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានទំហំទឹកប្រាក់២០០លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូង ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ កម្ចីទំហំប្រមាណ៨៩លានដុល្លារ ដែលភាគច្រើនជាកម្ចីដែលខ្វះទ្រព្យធានា ត្រូវបានធានាដោយ CGCC ក្រោមគម្រោងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម។
ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោង BRGS នឹងបន្តដើរតួជាទ្រព្យធានាចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចី។ សាជីវកម្មធានាឥណទានកម្ពុជា ស្វាគមន៍នូវកិច្ចសហការជិតស្និតជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោង BRGS៕