ដោយ: លាងហួរ
ក្រុងគៀវ: ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានមានប្រសាសន៍ នៅថ្ងៃចន្ទនេះថា លោកកំពុងពឹងផ្អែកលើជំនួយរបស់ឥណ្ឌាក្នុងការអនុវត្ត“រូបមន្តសន្តិភាព” ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ។
ការអំពាវនាវនេះធ្វើឡើង ស្របពេលដែលទីក្រុងញូវដែលី ស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងមូស្គូ បន្ទាប់ពីឥណ្ឌាក្លាយជាអ្នកទិញប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ី ដោយប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងផ្តល់ខ្សែជីវិតផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ដល់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។
លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Twitter ថា“ខ្ញុំបានប្រកាសរូបមន្តសន្តិភាព ហើយឥឡូវនេះ ខ្ញុំពឹងផ្អែកលើការចូលរួមរបស់ឥណ្ឌាក្នុងការអនុវត្ត”។
លោក Zelensky ក៏បានថ្លែងអំណរគុណ ចំពោះជំនួយមនុស្សធម៌ និងការគាំទ្រនៅក្នុងអង្គការសហប្រជាជាតិផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការអំពាវនាវនេះ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា លោកModi បានអំពាវនាវម្តងទៀត សម្រាប់ការបញ្ឈប់អរិភាពជាបន្ទាន់ និងត្រលប់ទៅរកការសន្ទនា និងការទូតវិញផងដែរ។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ ក៏បានបង្ហាញពីការគាំទ្ររបស់ឥណ្ឌា ចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពផងដែរ។
លោក Zelensky ធ្លាប់បានបង្ហាញរូបមន្តសន្តិភាព ចំនួន១០ចំណុច ដល់ក្រុមថ្នាក់ដឹកនាំពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលក្រុម G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាកន្លងទៅ។
ខណៈឥណ្ឌាមិនបានថ្កោលទោសជាផ្លូវការ ចំពោះការលុកលុយរបស់ រុស្ស៊ីលើអ៊ុយក្រែន លោកModi បានធ្លាប់ប្រាប់លោក ពូទីន កាលពីខែកញ្ញាថា ឥឡូវនេះមិនមែនជាពេលវេលា សម្រាប់សង្គ្រាមទេ ដោយលោកសង្កត់ធ្ងន់លើតម្រូវការដើម្បី “ឆ្ពោះទៅរកផ្លូវសន្តិភាព”និងរំលឹកមេដឹកនាំរុស្ស៊ីរូបនេះ អំពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យ ការទូត និងការសន្ទនា។
លោកModi ក៏ត្រូវបានចាត់ទុកថា ជាតួអង្គសំខាន់ នៅក្នុងការសម្រេចចិត្តរបស់ G20 ក្នុងការចេញសេចក្តីប្រកាសរួមថ្កោលទោស សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន “ក្នុងលក្ខខណ្ឌខ្លាំងបំផុត”ផងដែរ។
ប្រទេសឥណ្ឌា ដែលមានប្រជាជនចំនួន១,៣ពាន់លាននាក់ បានអះអាង ម្តងហើយម្តងទៀតថា ការសម្រេចចិត្តរបស់ខ្លួន ក្នុងការបង្កើនការទិញថាមពលរបស់រុស្ស៊ី គឺដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ជាប្រទេស ដែលមានកម្រិតប្រាក់ចំណូលមិនសូវខ្ពស់៕