ដោយ: លាងហួរ
ភ្នំពេញ: លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ កាលពីថ្ងៃទី២២ ខែធ្នូ ថារដ្ឋាភិបាលកម្ពុជាគ្រោងពិនិត្យមើល ការកសាងមជ្ឈមណ្ឌលភស្តុភារ ក្រុងព្រះសីហនុ (SLC) ។
គំរោងនេះ មានការគាំទ្រពីធនាគារពិភពលោក និងធ្វើឡើងដើម្បីប្រែក្លាយកម្ពុជាទៅជា “បណ្តាញចែកចាយសកម្ម”សម្រាប់តំបន់ ក៏ដូចជាចាប់យក និងរក្សាការប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួន។
ដំណឹងនេះកើតឡើង ស្របពេលដែលការសិក្សា លើមជ្ឈមណ្ឌលភ័ស្តុភារភ្នំពេញ (PPLC) ជិតត្រូវបានបញ្ចប់ ទោះបីហួសពីកាលវិភាគក៏ដោយ។
មជ្ឈមណ្ឌលភ័ស្តុភារភ្នំពេញ(PPLC) នឹងលាតសន្ធឹងលើផ្ទៃដីទំហំ៩៨ហិកតា ក្នុងសង្កាត់សំរោងក្រោម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាតំបន់មួយស្ថិតនៅខាងលិច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មជ្ឈមណ្ឌលភស្តុភារក្រុងព្រះសីហនុ(SLC) នឹងកាត់បន្ថយរាល់ការចំណាយ លើផ្នែកដឹកជញ្ជូន និងធ្វើឱ្យកម្ពុជាកាន់តែអាចប្រកួតប្រជែង នៅក្នុងមហាអនុតំបន់មេគង្គ។
លោកបានបន្តថា យើងធ្លាប់បានសិក្សាជាមួយ ក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរី ដើម្បីបង្កើតមជ្ឈមណ្ឌលភ័ស្តុភារភ្នំពេញ ហើយបច្ចុប្បន្ននេះ យើងបានចុះកិច្ចព្រមព្រៀង ជាមួយធនាគារពិភពលោកដើម្បីសិក្សា SLC ដែលអាចសម្រួល និងធ្វើឱ្យផ្នែកដឹកជញ្ជូន ការចែកចាយ និងការដឹកជញ្ជូន កាន់តែល្អប្រសើរ។
ដោយសារកម្ពុជា ស្ថិតនៅកណ្តាលមហាអនុតំបន់ទន្លេមេគង្គ ហ៊ុំព័ទ្ធដោយប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា យើងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការដឹកជញ្ជូន ជាពិសេសពីប្រទេសថៃ និងវៀតណាម។នេះបើតាមការលើកឡើងរបស់លោកស៊ុន ចាន់ថុល។
ប្រធានសមាគមភស្តុភារកម្ពុជា លោក ស៊ិន ចន្ធី បានមានប្រសាសន៍ថា“យើងគាំទ្រ និងសាទរ ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើ ឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន និងការដឹកជញ្ជូន របស់ប្រទេសកម្ពុជា ដែលនឹងជួយកាត់បន្ថយការចំណាយ ក្នុងវិស័យនេះ និងអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ ហើយវាក៏នឹងជួយជំរុញដល់វិស័យផលិតកម្ម និងជំរុញការនាំចេញផងដែរ៕