ដោយ: លាងហួរ
តូក្យូ: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្តេជ្ញាដឹកនាំគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធក្នុងលក្ខណៈទទួលខុសត្រូវ ខណៈលោកបានជំរុញឱ្យសមាជិកសភាអនុម័ត កញ្ចប់ថវិកាបន្ថែមទី២ ក្នុងទំហំទឹកប្រាក់ចំនួន២០៧ពាន់លានដុល្លារ ដែលភាគច្រើនគាំទ្រដោយការចេញបំណុលថ្មី។
គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្រ្តី លោកFumio Kishida បានចងក្រងផែនការចំណាយ ក្នុងទំហំទឹកប្រាក់ចំនួន២៩ពាន់ពាន់លានយ៉េន(២០៧,៣៧ពាន់លានដុល្លារ) ដែលគាំទ្រដោយបំណុលថ្មីប្រហែល២៣ពាន់ពាន់លានយ៉េន ដើម្បីទប់ទល់ហានិភ័យសេដ្ឋកិច្ចពិភពលោក និងការកើនឡើងតម្លៃទំនិញ ដែលបណ្តាលមកពីរូបិយប័ណ្ណចុះថោក។
អតិផរណាអ្នកប្រើប្រាស់នៅក្នុងប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤០ឆ្នាំ ដែលជំរុញដោយតម្លៃអាហារ ថាមពលនិងបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់។
លោក Suzuki បានថ្លែងប្រាប់សភាជាន់ទាប ខណៈដែលលោកបានចាប់ផ្តើមកិច្ចពិភាក្សាលើវិធានការនេះថា បរិយាកាសជុំវិញសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅតែមានសភាពធ្ងន់ធ្ងរ។
លោកបានបន្តថា “យើងក៏មានការព្រួយបារម្ភ អំពីវិបត្តិសេដ្ឋកិច្ចពិភពលោកផងដែរហើយយើងត្រូវតែជម្នះវិបត្តិនេះ”។
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះជាលើកដំបូង ក្នុងខែកក្កដាដល់ខែកញ្ញា ដោយសារការនាំចូលយ៉ាងច្រើន បានទប់ស្កាត់តម្រូវការខាងក្រៅ និងតម្លៃរស់នៅខ្ពស់បានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់៕