ដោយ: លាងហួរ
បាងកក: នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកាថា កិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា តំបន់នេះកំពុងឆ្ពោះទៅមុខសារជាថ្មីម្តងទៀត។
លោកបានថ្លែងអំណរគុណ ចំពោះវិស័យឯកជន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រគំរូសេដ្ឋកិច្ច Bio-Circular-Green ដែលប្រទេសថៃបានយកធ្វើជារបៀបវារៈថ្នាក់ជាតិ និងយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។
លោកប្រាយុទ្ធបានមានប្រសាសន៍បន្តថា “កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់គ្រប់វិស័យ ជាពិសេសភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន គឺជាគន្លឹះក្នុងការកសាងអនាគត ប្រកបដោយចីរភាព និងរួមគ្នា”។
លោកបានពន្យល់ថា ប្រទេសថៃកំពុងធ្វើការ លើការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចជា ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការកែលម្អបទប្បញ្ញត្តិដើម្បីទាក់ទាញអ្នកវិនិយោគ និងការទទួលយកបច្ចេកវិទ្យាឌីជីថល ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថលថ្មី។
ប្រទេសថៃនឹងសហការជាមួយភ្នាក់ងារឯកជន ដើម្បីធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។
នាយករដ្ឋមន្ត្រីថៃរូបនេះ បានជំរុញឱ្យក្រុមថ្នាក់ដឹកនាំអនុម័តគំនិតផ្តួចផ្តើម Bangkok Goals ដែលនឹងអនុញ្ញាតឱ្យ Apec ជំរុញគោលដៅរបស់ខ្លួនក្នុងការជំរុញពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព គ្មានកាកសំណល់ និងកំណើនប្រកបដោយបរិយាប័ន្ន៕