ដោយៈ ម៉ាណេត
ភ្នំពេញៈ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ជាគណៈកម្មាធិការគោលនយោបាយកម្រិតខ្ពស់ របស់ធនាគារជាតិនៃកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុ ក្នុងគោលបំណងរក្សាស្ថិរភាពថ្លៃ។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ជួបប្រជុំជាប្រចាំត្រីមាស ពោលគឺ៤ដងក្នុងមួយឆ្នាំ ។ មុនកិច្ចប្រជុំចាប់ផ្តើម ក្រុមលេខាធិការដ្ឋាន រួមមានអ្នកសេដ្ឋកិច្ច និងមន្ត្រីបុគ្គលិកផ្សេងទៀត ពីនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានស្ថិតិ នឹងរៀបចំរបាយការណ៍វិភាគលំអិត សម្រាប់គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ។
យោងតាមរបាយការណ៍នេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ នឹងពិភាក្សា និងវាយតម្លៃទិដ្ឋភាពផ្សេងគ្នានៃសេដ្ឋកិច្ច ដោយផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុគន្លឹះៗ គិតចាប់ពីកិច្ចប្រជុំចុងក្រោយ ។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ នឹងប្រមូលផ្តុំការវិភាគនេះ គួបផ្សំនឹងការវិនិច្ឆ័យ និងការព្យាករណ៍ពីអ្វី ដែលនឹងអាចកើតមានក្នុងសេដ្ឋកិច្ច និងថ្លៃក្នុងអំឡុងពេលខាងមុខ រួចធ្វើការសម្រេចចិត្តលើជម្រើស គោលនយោបាយរូបិយវត្ថុ ដើម្បីធានាស្ថិរភាពថ្លៃរយៈពេលវែង៕