លំហូរFDIចូលប្រទេសឥណ្ឌូនេស៊ីហក់ឡើងជិត៦៤ភាគរយ ក្នុងត្រីមាសទី៣

ដោយ: លាងហួរ

ហ្សាការតា: រដ្ឋមន្ត្រីទទួលបន្ទុកវិនិយោគ ប្រទេសឥណ្ឌូនេស៊ីបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃចន្ទនេះថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលហូរចូលប្រទេសឥណ្ឌូនេស៊ី បានកើនឡើង៦៣,៦ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ នៅក្នុងត្រីមាសទី៣ក្នុងលក្ខខណ្ឌប្រាក់រូពៀ។

លោករដ្ឋមន្ត្រី Bahlil Lahadalia បាននិយាយថា និន្នាការនៃការវិនិយោគ នៅក្នុងឧស្សាហកម្មកែច្នៃ បណ្តាលមកពីការសាងសង់រោងចក្រចម្រាញ់ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការផ្តល់តម្លៃបន្ថែមទៀតដល់ធនធានរ៉ែរបស់ខ្លួន។

លោក Bahlil បាននិយាយថាលំហូរFDI នៅក្នុងត្រីមាសទី៣បានឈានដល់១៦៨,៩ពាន់ពាន់លានរូពៀ(១០,៨៣ពាន់លានដុល្លារ) ដោយ លោកBahlil បានបញ្ជាក់ថា ប្រទេសសិង្ហបុរី ចិន និងជប៉ុនគឺជាប្រភពវិនិយោគធំបំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យនេះ មិនរាប់បញ្ចូលការវិនិយោគ ក្នុងវិស័យធនាគារ និងវិស័យប្រេង និងឧស្ម័នក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍នោះទេ។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំរំពឹងថាលំហូរ FDI នៅក្នុងត្រីមាសបន្ទាប់ ក៏នឹងកើនឡើងលើសពី៥០ភាគរយផងដែរ ខណៈក្រុមហ៊ុនឧស្សាហកម្មនានា នឹងព្យាយាមសម្រេចគោលដៅវិនិយោគ នៅឆ្នាំនេះក្នុងត្រីមាសចុងក្រោយ”។

លោក Bahlil បាននិយាយថាលោកជឿជាក់ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅក្នុងប្រទេសដៃគូដ៏ធំបំផុតមួយរបស់ខ្លួន គឺប្រទេសចិននឹងមិនប៉ះពាល់ ដល់លំហូរនៃការវិនិយោគចូល ទៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ ដោយសារតែស្ថិរភាពនយោបាយរបស់ទីក្រុងប៉េកាំង។

យោងតាមទិន្នន័យរបស់ក្រសួងបានឱ្យដឹងថា លំហូរវិនិយោគពីប្រទេ​សចិន ទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងត្រីមាសទី ៣បានកើនឡើងដល់១,៦ពាន់លានដុល្លារ ក្រោមប្រទេសសិង្ហបុរីចំនួន៣,៨ពាន់លានដុល្លារ។

លោក Bahlil បានបន្ថែមថាប្រទេសមួយចំនួន ដូចជា ប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសអឺរ៉ុបមួយចំនួនបានសន្យាថា នឹងបោះទុនវិនិយោគនៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសនេះ Nusantara ទោះបីជាលោកមិនអាចផ្តល់ព័ត៌មានលម្អិត អំពីចំនួនទឹកប្រាក់ដែលបានស្នើឡើងក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here