ដោយ: លាងហួរ
កាលីហ្វ័រញ៉ា: ក្រុមហ៊ុន Apple Incកំពុងកាត់បន្ថយការផលិត iPhone 14 Plus ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ខណៈដែលក្រុមហ៊ុននេះបានវាយតម្លៃឡើងវិញ នូវតម្រូវការសម្រាប់ម៉ូដែលដែលមានតម្លៃមធ្យម។
យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុនApple ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានប្រាប់ក្រុមហ៊ុនផលិតយ៉ាងហោចណាស់ចំនួន១ នៅក្នុងប្រទេសចិនឱ្យផ្អាកជាបន្ទាន់នូវការផលិតគ្រឿងបន្លាស់ iPhone 14 Plus ។
ការផ្លាស់ប្តូរនេះ កើតឡើងនៅពេលដែលទីផ្សារស្មាតហ្វូនពិភពលោកកំពុងធ្លាក់ចុះពោលគឺធ្លាក់ចុះ៩ភាគរយ នៅក្នុងត្រីមាសទី៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមការប៉ាន់ប្រមាណពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Canalys ដែលរំពឹងថាតម្រូវការនឹងធ្លាក់ចុះក្នុងរយៈពេលពី៦ទៅខែ៩ខែខាងមុខ។
ទោះយ៉ាងណាក្តីក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មានReuters នោះទេ។
iPhone 14 Plus ដែលត្រូវបានប្រកាសនៅថ្ងៃទី៧ ខែកញ្ញាត្រូវបានដាក់ជាជម្រើសថោកជាងម៉ូដែល iPhone Pro និងបានចាប់ផ្ដើមលក់ជូនដល់អតិថិជននៅថ្ងៃទី៧ ខែតុលា។
កាលពីខែមុន ក្រុមហ៊ុន Apple បានទម្លាក់ផែនការរបស់ខ្លួន ក្នុងការបង្កើនការផលិតម៉ូដែល iPhone ថ្មី ដោយសារការរំពឹងទុកនៃតម្រូវការធ្លាក់ចុះនេះបើយោងតាមរបាយការណ៍របស់Bloomberg៕