ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានកំណើន១០ភាគរយក្នុងរយៈពេល៩ខែដំបូង

ដោយ: លាងហួរ

ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន៤៤៩.៣២៥តោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំនេះ កើនឡើង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

CRF បានបង្ហាញថា ប្រទេសកម្ពុជារកចំណូលបានជិត២៨៧លានដុល្លារអាមេរិក ពីការនាំចេញអង្ករពីខែមករាដល់ខែកញ្ញាឆ្នាំនេះ។ CRF បានបន្តថា ប្រទេសចិននៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា ដោយបានទិញ១៩៨.១០៧តោន ឬ៤៤,០៩ភាគរយនៃបរិមាណនាំចេញសរុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចំនួន៩ ដែលរួមចំណែកជាង៨១ភាគរយ នៃទីផ្សារនាំចេញរបស់កម្ពុជា រួមមានប្រទេសចិន៤៤,០៩ភាគរយ បារាំង១៤,៨៣ភាគរយ ម៉ាឡេស៊ី៥,៥៨ភាគរយ ហូឡង់៤,៦៥ភាគរយ អ៉ីតាលី២,៦៥ភាគរយ ហ្គាបុង២,៦៣ភាគរយ ប្រ៊ុយណេ២,៤៤ភាគរយ អង់គ្លេស២,២៥ភាគរយ និងអាល្លឺម៉ង់ ២,០៨ភាគរយ។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ មានប្រសា​សន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ​យក្នុងតំបន់ (RCEP) ដែលចូលជាធរមានកាលពីដើមឆ្នាំនេះ បានជំរុញកំណើននៃការនាំចេញនេះ។

លោកបានប្រាប់សារពត៌មានស៊ីនហួថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP បានរួមចំណែកដ៏ធំមួយ ដល់កំណើនការនាំចេញរបស់យើងសម្រាប់រយៈពេលវែង ហើយកិច្ចព្រមព្រៀងនេះ បានផ្តល់ឱ្យយើងនូវលទ្ធភាពទទួលបានទីផ្សារកាន់តែធំ ជាពិសេសសម្រាប់ផលិតផលកសិកម្មដែលមានសក្តានុពលរបស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here