ដោយ ៖លក្ខិណា
ភ្នំពេញៈ និន្នាការនៃការខ្ចីបំណុលពីប្រទេសចិន មានការថមថយចុះគួរអោយកត់សម្គាល់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ តែបែរជាមានកំណើនការខ្ចីបំណុលពីប្រទេសកូរ៉េ ជប៉ុននិងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតមាននិន្នាការកើនឡើង។ នេះយោងតាមប្រសាសន៍លោក វង្សី វិស្សុត មន្ត្រីជាន់ខ្ពស់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបានថ្លែងនៅឯវេទិការសន្និសីទព័ត៌មានស្តីពី វិធានការរបស់រដ្ឋាភិបាលឆ្លើយតបវិបត្តិជំងឺកូវីដ១៩ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា បច្ចុប្បន្ននេះកម្ពុជានៅតែអាចខ្ចីប្រាក់ពីបរទេស មកអភិវឌ្ឍន៍ប្រទេសបានទៅលើអ្វីដែលចាំបាច់ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដែលជំរុញសេដ្ឋកិច្ចកម្ពុជា។
រហូតមកដល់ពេលនេះ ចិននៅតែជាម្ចាស់បំណុលធំរបស់កម្ពុជាកម្ពុជា ដែលមានអត្រាប្រមាណជាង៤០ភាគរយនៃបំណុលសរុប ក៏ប៉ុន្តែនៅរយៈពេលពីរឆ្នាំចុងក្រោយនេះ ការខ្ចីប្រាក់ពីប្រទេសចិន មាននិន្នាការថយចុះគួរអោយកត់សម្គាល់ តែបែរជាទៅកើនការខ្ចីពីប្រទេសជប៉ុន កូរ៉េ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ។
លោកបន្តថា “អត្រាការប្រាក់កម្ចីពីប្រទេសចិន មានបីប្រភេទគឺ០ភាគរយ។ ១,២៥ភាគរយក្នុងមួយឆ្នាំ និង២ភាគរយ។ សម្រាប់អត្រាការប្រាក់២ភាគរយ ជាកម្ចីជាប្រាក់ដុល្លារអាមេរិក ហើយរយៈពេលសង២០ឆ្នាំ និងរយៈពេលពន្យារការសង ដោយមិនបានការពិន័យ៧ឆ្នាំ។ ក្នុងមួយឆ្នាំៗកម្ពុជាបានសងបំណុល ទៅកាន់តែប្រទេសចិនប្រមាណ២០០លានដុល្លារអាមេរិក” ។
លោកបន្ថែមថា រហូតមដល់ពេលនេះបំណុលរបស់កម្ពុជា ដែលបានខ្ចីពីបរទេស មានប្រមាណ៣០ភាគរយប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុប ( GDP ) ដូច្នេះហើយទើបយើងអាចនិយាយថា កម្ពុជានៅតែមានលទ្ធភាព ក្នុងការទទួលយកប្រាក់កម្ចីពីបរទេសមកអភិវឌ្ឍន៍ប្រទេសជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញផងដែរថា គិតចាប់តាំងពីឆ្នាំ១៩៩៣ ដល់ដំណាច់ឆ្នា ២០១៩ កម្ពុជាបានខ្ចីបំណុលពីបរទេសចំនួនជាង១២ពាន់លានដុល្លារ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគ្របដណ្ដប់ប្រមាណ៨៦,៧៧ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងៗទៀត មានប្រមាណ១៣,២៣ភាគរយ៕