ដោយៈសុខុម
អន្តរជាតិ: សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រព័ន្ឋហិរញ្ញវត្ថុអន្តរជាតិ តើវាជាស្ថាប័នដាច់ដោយឡែក ឬស្ថិតក្រោមចំណុះរបស់ធនាគារពិភពលោក (World Bank) ។
ស្ថាប័ន IFC ដែលមកពីពាក្យពេញថា International Finance Corporation (សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ) មានទីស្នាក់ការកណ្ដាលនៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ហើយវាជាស្ថាប័នអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ពិភពលោក ដែលផ្តោតផ្ដាច់មុខលើវិស័យឯកជន នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ស្ថាប័ន IFC ដែលជាសាខាមួយរបស់World Bank មានតួនាទីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការជំរុញកំណើន នៃវិស័យឯកជនក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ស្ថាប័ននេះសម្រេចតួនាទី តាមរយៈដោយបង្កើតទីផ្សារថ្មីៗ កៀងគរការវិនិយោគ ពីវិនិយោគិនផ្សេងៗទៀត និងចែករំលែកចំណេះជំនាញដល់វិស័យឯកជន។ ដើម្បីធ្វើដូច្នេះបាន ស្ថាប័ននេះបង្កើតការងារ និងលើកកម្ពស់កម្រិតជីវភាព ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះ។ ការងាររបស់ស្ថាប័ននេះ គឺគាំទ្រដល់គោលដៅស្នូល២ របស់ធនាគារ World Bank Group ក្នុងការបញ្ចប់ភាពក្រីក្រតោកយាក និងជំរុញវិបុលភាពរួមគ្នា ឬការរីកចម្រើនសប្បូរសប្បាយទាំងអស់គ្នា។
ស្ថាប័ន IFC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ ពោលគឺមានចំណាស់៦៥ឆ្នាំហើយគិតមកទល់នឹងឆ្នាំ២០២១ ដោយឈរលើមូលដ្ឋានទស្សនៈដ៏មោះមុតថា វិស័យឯកជនមានសក្តានុពលខ្លាំង នៅក្នុងការកែប្រែមុខមាត់របស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ចាប់តាំងពីពេលនោះមក ស្ថាប័ននេះបានបន្តពង្រីកខ្លួនឥតឈប់ឈរ រហូតមានសមាជិក១៨៥ប្រទេស ហើយបានបង្កើតទីផ្សារថ្មីៗ ដូចជា ទីផ្សារសញ្ញាប័ណ្ណ ឬ ប័ណ្ណបំណុលប្រកបដោយនិរន្តរភាពជាដើម។
*ការដឹកនាំត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍវិស័យឯកជន
ស្ថាប័ននេះជួយប្រទេសនានា អភិវឌ្ឍវិស័យឯកជន ក្នុងប្រទេសទាំងនោះតាមវិធីផ្សេងៗគ្នារួមមាន
– ការវិនិយោគលើក្រុមហ៊ុននានាតាមរយៈឥណទាន ការវិនិយោគមូលធន មូលបត្របំណុល និងធានារ៉ាប់រង។
– ការប្រមូលកៀរគរដើមទុន ពីបណ្ដាធនាគារផ្ដល់ឥណទាន និងវិនិយោគផ្សេងៗទៀត តាមរយៈឥណទានពិសេស Loan Participation និង Parallel Loan និងមធ្យោបាយផ្សេងៗទៀត។
-ផ្ដល់ប្រឹក្សាដល់ក្រុមហ៊ុនសហគ្រាស និងរដ្ឋាភិបាលនានាដើម្បីជំរុញការនិយោគឯកជន និងធ្វើឱ្យបរិយាកាសវិនិយោគប្រសើរឡើង៕ IFC៕