ដោយ៖ សុធារី
ភ្នំពេញ៖ SWOT ជាទ្រឹស្ដីវិភាគទៅលើធាតុបួនសំខាន់ៗ គឺ ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និង កត្តាគំរាមកំហែង។ ចំណុចទាំងបួននេះ គឺជាចំណុចដ៏សំខាន់សម្រាប់អាជីវកម្មនីមួយៗ។ បើយើងមិនស្គាល់ខ្លួនឯងឱ្យច្បាស់ថា ខ្លាំង ឬខ្សោយប៉ុណ្ណាផង តើយើងអាចចាប់យកឱកាស ឬគេចឱ្យចេញពីកត្តាគំរាមកំហែងដោយវិធីណាបាន។ ក្នុងអាជីវកម្មជាក់ស្ដែង មានបញ្ហាជាច្រើន ដែលត្រូវដោះស្រាយដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មអាចបោះជំហ៊ានទៅមុខ។
SWOT គឺជាអក្សរកាត់ជាភាសាអង់គ្លេសមកពីពាក្យ៖
S = Strengths ភាពខ្លាំង ៖ បុគ្គលិកលក្ខណៈនៃអាជីវកម្មដែលផ្តល់ផលល្អដល់អ្វីៗផ្សេងទៀត។ ភាពខ្លាំង អាចមានដូចជា ទន់បញ្ញា ភាពស្មោះត្រង់និងការតាំងចិត្តរបស់បុគ្គលិក ការអនុវត្តការងារបានល្អ និយោជិកដែលមានគំនិតបង្កើតនិងមានភាពបត់បែន ជាដើម។
W = Weaknesses ភាពខ្សោយ ៖ បុគ្គលិកលក្ខណៈនៃអាជីវកម្មដែលផ្តល់ផលមិនល្អពាក់ព័ន្ធទៅកត្តាផ្សេងទៀត។ វាជាចំណុចដែលអាជីវកម្មត្រូវពង្រឹង។ អាចមានដូចជា បុគ្គលិកខ្វះខាតជំនាញ ការអនុវត្តន៍ការគ្រប់គ្រងដែលហួសសម័យ និងភាពខ្វះចន្លោះនៃភាពជាអ្នកដឹកនាំ ជាដើម។
O = Opportunities ឱកាស ៖ ជាធាតុនៅក្នុងបរិស្ថានដែលអាជីវកម្មអាចទាញយកផលប្រយោជន៍ពីវា។ អាចមានដូចជា ស្ថានភាពទីផ្សារ ទីផ្សារដែលអ្នកមិនទាន់បានតាំងនៅ ការបង្កើនប្រព័ន្ធបច្ចេកវិទ្យា ការពង្រីកជាសកល ជាដើម។
T= Threats ការគម្រាមកំហែង ៖ ជាធាតុនៅក្នុងបរិស្ថាននាំឲ្យអាជីវកម្មកើតមានបញ្ហាឬវិបត្តិ។ អាចមានដូចជា អណត្តិនិងការរឹតបន្តឹងផ្នែកច្បាប់ទៅលើអាជីវកម្ម ភាពខ្វះខាតទេពកោសល្យ ភាពមិននឹងនរនៃសេដ្ឋកិច្ចនិង ដៃគូប្រកួតប្រជែង។
ចំពោះភាពខ្លាំងនិងភាពខ្សោយ គឺជាកត្តាដែលកើតមាននៅក្នុងក្រុមហ៊ុន។ រីឯឱកាសនិងការគម្រាមកំហែងជាកត្តាខាងក្រៅ។ ការដែលអ្នកអាចកត់ចំណាំទៅលើ SWOT គឺមានប្រយោជន៍ដល់ការធ្វើផែនការអាជីវកម្មរបស់អ្នកនៅជំហានបន្ទាប់។
ដើម្បីវិភាគ SWOT អ្នកអាចធ្វើបាន២របៀប ៖
របៀបទី១ ៖វិភាគពីកត្តានីមួយៗ
Strengths :
ចំណុចដែលអ្នកអាចធ្វើបានប្រសើរជាងអ្នកផ្សេងឬអ្វីដែលអ្នកមានហើយដៃគូប្រកួតប្រជែងអ្នកគ្មាន
គុណសម្បត្តិដែលក្រុមហ៊ុនអ្នកមាន
ចំនួនអតិថិជនគោលដៅ
ថ្លៃដើមទាបជាងគេដែលអ្នកអាចដាក់ទៅបាន
Weaknesses : ចំណុចដែលអ្នកអាចអភិវឌ្ឍ
ចំណុចគួរចៀសវាង
កត្តាដែលនាំឲ្យការលក់របស់អ្នកថយចុះ
Opportunities : ព្រឹត្តិការណ៍ក្នុងតំបន់
ឱកាសល្អៗដែលអ្នកបានដៅទុក
ទំនោរមួយចំនួនរបស់អតិថិជនដែលអ្នកធ្លាប់ដឹង
ការផ្លាស់ប្តូរដូចជាបច្ចេកវិទ្យា គោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទងនឹងអាជីវកម្មរបស់អ្នក បែបបទនៃការរស់នៅជាដើម
Threats : ឧបសគ្គដែលអ្នកជួបប្រទះ
សកម្មភាពរបស់ដៃគូប្រកួតប្រជែងរបស់អ្នក
គុណភាពផលិតផលឬសេវាកម្មរបស់អ្នក
បំណុលរបស់អាជីវកម្មអ្នក
របៀបទី២ ៖ វិភាគចំណុចដែលមានឥទ្ធិពលលើ SWOT
១. កត្តាដែលមានឥទ្ធិពលទៅលើ Strengths and Weaknesses
ដើមទុន ៖ ហិរញ្ញវត្ថុ បុគ្គលិក និងឧបករណ៍ប្រើប្រាស់
រចនាសម្ព័ន្ធច្បាស់លាស់
វប្បធម៌នៅក្នុងក្រុមហ៊ុនដូចជាចេះសហការ យកចិត្តទុកដាក់ចំពោះអតិថិជន មានបទដ្ឋានត្រឹមត្រូវ ស្លៀកពាក់តាមឯកសណ្ឋានជាដើម
២. កត្តាដែលមានឥទ្ធិពលលើ Opportunities and Threats
សេដ្ឋកិច្ច ៖ ឡើង ឬចុះ អតិផរណា ភាពគ្មានការងារធ្វើ ចំនួន និងតម្លៃកម្លាំងពលកម្ម
សង្គម ៖ ត្រូវនឹងផលិតផលដែរទេ
នយោបាយមានស្ថិរភាពឬយ៉ាងណា
បច្ចេកវិទ្យាមានការផ្លាស់ប្តូរ
បរិស្ថានដូចជាការប្រើប្រាស់ថង់ប្លាស្ទិកជាដើម៕