ដោយ៖ សុផារី
ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធ.ស.ក) ជាធនាគារពាណិជ្ជដំបូងមួយ ដែលទទួលបានការគាំទ្រដោយផ្ទាល់ពីរាជរដ្ឋាភិបាលកម្ពុជា ហេតុនេះហើយ ក្រៅពីផ្ដល់សេវាកម្មជាធនាគារពាណិជ្ជ ផ្នែកកម្ចី និងបញ្ញើ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏មានគម្រោងមួយចំនួន ដើម្បីជួយជាផ្នែកហិរញ្ញវត្ថុទៅកាន់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើននូវផលិតភាពក្នុងស្រុកផងដែរ។
មិនតែប៉ុណ្ណោះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ធ.ស.ក) ក៏បានផ្ដល់នូវសេវាកម្មការប្រាក់សមរម្យចំពោះប្រភេទអាជីវកម្មទាំងអស់។
អាជីវកម្មអាទិភាព ដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមជំហានទី២ (SME Co-Financing Scheme II) នឹងមានអត្រាការប្រាក់ពិសេសគិតជាអតិបរមាត្រឹមតែ ៦.៥ ភាគរយក្នុងមួយឆ្នាំ សម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្មនៃវិស័យអាទិភាពចំនួន៦ ដូចជា
១ ផលិតនិងកែច្នៃម្ហូបអាហារ
២ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ផ្នែកឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត, កែច្នៃកាកសំណល់និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍។
៣ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានរួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍។
៤ សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ។
៥ សហគ្រាសផលិតទំនិញវេជ្ជសាស្ត្រ និងថ្នាំពេទ្យ។
៦ សហគ្រាសផ្តល់សេវាកម្មដែលគាំទ្រដល់សហគ្រាសក្នុងវិស័យអាទិភាព
គម្រោងនេះមានទំហំសាច់ប្រាក់សរុបចំនួន ១០០លានដុល្លារអាមេរិក ដែល ៥០លានដុល្លារចូលរួមដោយរដ្ឋាភិបាលកម្ពុជា និង៥០លានដុល្លារទៀតចូលរួមដោយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំង ២៦ ដែលជាដៃគូសហការជាមួយធនាគារនេះ។
ការបង្កើតនូវគម្រោងបែបនេះ គឺដើម្បីអាចជួយសម្រួលនូវបញ្ហាហិរញ្ញវត្ថុសម្រាប់ចំណាយលើការពង្រឹង និងពន្លឿនសង្វាក់ផលិតកម្មនៃសហគ្រាសទាំងនោះក្នុងការពង្រីកសក្ដានុពលលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។ នាពេលកន្លងទៅ ធនាគារនេះបានសម្រេចនូវគម្រោងនេះក្នុងជំហានទី១ បានដោយជោគជ័យ ដែលបានបញ្ចប់កាលពីខែ តុលា ២០២០ កន្លង ហើយបច្ចុប្បន្នកំពុងដំណើរការជំហានទី២ នេះ។ គម្រោងនេះទៀតសោតអនុវត្តចំពោះតែអាជីវកម្មដែលមានការចុះបញ្ជីការអាជីវកម្មតែប៉ុណ្ណោះ ចំណែកឯអាជីវកម្មមិនទាន់មានការចុះបញ្ជី អាចទទួលបាននូវសេវាកម្ម ដែលមានអត្រាការប្រាក់អតិបរមា ៧.៥ ភាគរយក្នុងមួយឆ្នាំ។
ជាងនេះទៅទៀត ធនាគារមានទំនាក់ទំនងក្នុងភាពជាដៃគូជាមួយក្រសួងពាក់ព័ន្ធមួយចំនួនដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ៕







