វៀតណាមនិងថៃ៖ ទីផ្សារ​នាំចេញកសិផលកម្ពុជា​ជាង​ ៨៥% ក្នុង​រយៈពេល៩ខែ ឆ្នាំ២០២១នេះ

ដោយ៖ សុផារី

 

ភ្នំពេញ៖ មកទល់បច្ចុប្បន្ននេះ ប្រទេសជិតខាងធំៗ២ ដែលជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជាគឺប្រទេសវៀតណាម និង ប្រទេសថៃ ដែលមានប្រជាជនសរុបប្រមាណជាង១៦៧លាននាក់។ ជាសត្យានុម័តប្រទេសទាំង២នេះគឺជាទីផ្សារប្រពៃណីប្រកបដោយសក្តានុពលក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ផលិតផលកសិកម្មកម្ពុជាបានជ្រៀតចូលទីផ្សារពិភពលោក ចំនួន៩០ប្រទេស​។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ការនាំចេញសម្រេចបានជាង ៥,៩៣ លានតោន ក្នុងនោះការនាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួណ៦៤,១១% ប្រទេសថៃចំនួន២១,៤៩% ប្រទេសចិនចំនួន៦,៦៩% និងគោលដៅប្រទេសដទៃទៀតចំនួន៤,៧១%តែប៉ុណ្ណោះ។ បើ​យោង​តាម​តួលេខ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះ​ផ្សាយ​ការពី​ថ្ងៃ២០ ខែ​តុលា​នេះ​។

 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន​លើកឡើងថា​ ប្រទេសវៀតណាម និង ប្រទេសថៃ បានធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មពិភពលោកមុនកម្ពុជា ដោយទទួលបានបទពិសោធន៍ពេញលេញជាប្រទេសកែច្នៃនាំចេញផលិតផលកសិកម្មនិងម្ហូបអាហារទៅកាន់ទីផ្សារតំបន់និងពិភពលោក។ ជារួម ប្រទេសទាំង២ បានអភិវឌ្ឍខ្លួនទៅជាចំណុចប្រមូលផ្តុំស្បៀង (Food Hub/Basket) សម្រាប់ពិភពលោកមុនកម្ពុជា។ ដូច្នេះត្រូវការវត្ថុធាតុដើមច្រើនពីប្រទេសផ្សេងរួមទាំងកម្ពុជាផងដែរ ដើម្បីផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃរបស់ខ្លួនសម្រាប់នាំចេញ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បន្តថា កម្ពុជាបានជួបប្រទះទៅនឹងបញ្ញានៃការដឹកជញ្ជូនទៅកាន់ទីផ្សារក្រៅតំបន់ ដូចបានបញ្ជាក់ជូននៅក្នុងសំណួរទី៤ ខាងលើ រួមទាំងតម្លៃនៃការកែឆ្នៃក្នុងស្រុកមានតម្លៃខ្ពស់ជាងគេបន្តិចបើប្រៀបធៀបទៅនឹងប្រទេសជិតខាងទាំងពីរ។ ជាពិសេស ជាប្រទេសភូមិផងរបងជាមួយគ្នាដែលមានលក្ខណៈភូមិសាស្ត្រប្រហាក់ប្រហែលគ្នា នាំឱ្យមានការអនុវត្តនូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ នាំចូលទំនិញកសិផលមានលក្ខណៈទន់ភ្លន់  មិនសូវស្មុគស្មាញ បើធៀបជាមួយលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសទី៣។

ក្នុងពេលខាងមុខនៅពេលកម្ពុជាមានការអភិវឌ្ឍខ្សែច្រវាក់តម្លៃ សមត្ថភាពកែច្នៃ និងហេដ្ឋរចនាសម្ព័ន្ធភស្តភាកម្មពាក់ព័ន្ធបានមួយកម្រិតបន្ថែមទៀត នឹងជំរុញឱ្យមានការស្រូបយកវត្ថុធាតុដើមមកធ្វើការកែច្នៃពង្រីកការនាំចេញត្រទៅកាន់ទីផ្សារមានសក្តានុពលមួយចំនួនដូចជាប្រទេសចិន និងបណ្តាប្រទេសដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលជាកត្តាសន្យានុម័តកាត់បន្ថយការនាំចេញផលិតផលកសិកម្មទៅកាន់តីផ្សារប្រទេសជិតខាងទាំង២៕

LEAVE A REPLY

Please enter your comment!
Please enter your name here