កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារតំបន់និងពិភពលោករយៈពេល៩ខែឆ្នាំ​២០២១ សរុបចំនួន ៤១០ ៦៩៨តោន ធ្លាក់ចុះចំនួន ១៥,៩៧%

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩តោន ខ្ពស់ជាងឆ្នាំ២០១៩ចំនួន១១,៤% ដែលត្រូវបាននាំចេញទៅកាន់ទិសដៅចំនួន៦០ប្រទេស។ ទិសដៅប្រទេសចិនកើន១៦,៦% ទិសដៅសហភាពអឺរ៉ុបកើន ០,៣៩% ទិសដៅអាស៊ានកើន៤,៤៩% និងទិសដៅផ្សេងទៀតកើន២៨,៩៥%។ ​យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញអង្ករក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ គិតត្រឹមរយៈពេល៩ខែឆ្នាំ២០២១នេះ បរិមាណនាំចេញសរុបមានចំនួន ៤១០ ៦៩៨ តោន ដែលមានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន។

តាមការបញ្ជាក់ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករគឺ បណ្តាលមកពីកត្តាចំបងៗមួយចំនួនដូចខាងក្រោម៖

 

(១)-បញ្ហាការដឹកជញ្ជូនតាមកប៉ាល់បានឡើងថ្លៃយ៉ាងខ្លាំង ដែលបាននិងកំពុងដាក់សំពាធលើការនាំចេញអង្កររបស់កម្ពុជា។ តម្លៃនៃការដឹកជញ្ជូនបានកើនពី៥ទៅ៦ដង ឬ ពី ១៥០០ ដុល្លារ ទៅ ៧០០០-៨០០០ ដុល្លារ/កុងតេន័រ (២០ហ្វីត) ដែលតម្លៃដឹកជញ្ជូនពេលនេះស្ទើរតែស្មើនឹងតម្លៃអង្ករ១កុងតេន័រ ដែលជាហេតុធ្វើឱ្យអ្នកទិញ មិនបង្ខំ ឬ ដាក់បញ្ជារទិញច្រើន ព្រោះខ្លាចពេលតម្លៃការដឹកជញ្ជូនចុះថោក ហើយស្តុកចាស់លក់មិនអស់នាំឱ្យខាតបង់ធ្ងន់ធ្ងរ ការបញ្ជារទិញសម្រាប់តែតម្រូវការទីផ្សារជាក់ស្តែង មិនស្តុកទុកច្រើន។

(២)-ការដឹកជញ្ជូនក៏ជួបបញ្ហាកង្វះទូរកុងតេន័រផ្ទុកទំនិញចំណុះ២០ហ្វីត (ជាស្តង់ដារទូរកុងតេន័រផ្ទុកអង្ករចេញពីកម្ពុជា) ដោយសំបកកុងតេន័រប្រភេទនេះភាគច្រើនបានជាប់គាំងនៅតាមកំពង់ផែ និងទីលាននានាក្នុងសហគមន៍អ៊ឺរ៉ុប ដោយសារការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូននៅក្នុងទីផ្សារសហគមន៍អ៊ឺរ៉ុបបានរាំងស្ទះ (ខ្វះកម្មករនិងអ្នកបើកឡាន ដឹកកុងតែន័រជាដើម) ។

(៣)-មិនមាន Shipping Space គ្រប់គ្រាន់សម្រាប់ដឹកអង្ករចេញ ដោយសារអង្ករជាទំនិញធ្ងន់។ ក្រុមហ៊ុនកប៉ាល់មានជើងធ្វើដំណើរចំនួនតិចជាងមុន ដោយក្រុមហ៊ុនកប៉ាល់ផ្តល់ជម្រើសដឹកទំនិញស្រាលច្រើន ហើយទំនិញធ្ងន់ដូចជាអង្ករមានចំនួនកំណត់មួយ។ ជាក់ស្តែង កម្ពុជាត្រូវការ Space លើកប៉ាល់ចន្លោះពី ៣៥០ ទៅ ៤០០ ទូរកុងតេន័រក្នុងមួយសប្តារហ៍សម្រាប់ពីកំពង់ផែមេ ដូចជា សិង្ហបូរី ទៅកាន់កំពង់ផែនៅសហគមន៍អ៊ឺរ៉ុប តែការផ្តល់ឱ្យសម្រាប់អង្ករ ឬទំនិញធ្ងន់ដទៃទៀតបានត្រឹមតែ ១០០ ទៅ ១៥០ ទូរកុងតេន័រតែប៉ុណ្ណោះក្នុងមួយសប្តាហ៍។

(៤)-ព្រមគ្នាជាមួយនឹងបញ្ហាប្រឈមក្នុងការដឹកជញ្ជូនខាងលើនេះ ការនាំចេញអង្ករក៏បាននិងកំពុងរងឥទ្ធិពលនៃការធ្លាក់ចុះតម្លៃទីផ្សារពិភពលោកនៃអង្ករក្រអូបផងដែរ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តម្រូវការទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាគំហុក ដែលនាំឱ្យតម្លៃអង្ករក្រអូបនៅលើពិភពលោកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងប្រភេទអង្ករសធម្មតា គឺពីជាង ៨០០ ដុល្លារ/តោន ធ្លាក់មកត្រឹម ៦៥០ ដុល្លារ/តោន។ គួរកត់សម្គាល់ថា ប្រមាណ៨០%នៃបរិមាណអង្ករនាំចេញរបស់ កម្ពុជាជាប្រភេទអង្ករក្រអូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here