កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ នាសប្តាហ៍ក្រោយ

ដោយ:សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ កម្ពុជា និងកូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA)ជាផ្លូវការ ដោយសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងពង្រីកច្រកចូលទីផ្សារកាន់តែធំ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្មក៏នឹងកាន់តែប្រសើរ ជាពិសេសសន្ទុះនៃការនាំចេញរបស់កម្ពុជានឹងមានការកើនឡើង។

លោក ស៊ាង ថៃ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មទាំងពីរ គឺលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី យ៉ូ មឿងហេ (YOO Myung-hee) រដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ តាមប្រព័ន្ធវីដេអូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន ការងារដែលក្រសួង ស្ថាប័ន ក៏ដូចជាវិស័យឯកជនត្រូវធ្វើ គឺត្រូវរៀបចំផែនការយុទ្ធសាស្ត្រទាញយកប្រយោជន៍ជាអតិបរិមា តាមរយ:ការកំណត់ទំនិញសក្ដានុពល, ពង្រឹងនិងពង្រីកសមត្ថភាពផលិត​ ផលិតទំនិញដែលមានគុណភាព និងស្តង់ដារ។ល។ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េ។

ជាមួយគ្នានេះ លោក លុន យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ក្នុងនាមជាវិស័យឯកជនខាង អ្វីដែលលោកសង្ឃឹមថា អាចនឹងមានការកែច្នៃផ្សេងៗដែលចេញពីអង្ករបាន (វត្ថុធាតុដើម) ដើម្បីនាំចេញទៅទីផ្សារកូរ៉េ ព្រោះបច្ចុប្បន្នយើងក៏ឃើញមានសន្ទុះនៃការធ្វើវិវឌ្ឍឧស្សាហកម្ម ដែលកែច្នៃពីអង្ករទៅជានំបញ្ចុកក្រៀម គុយទាវ និងសំបកណែមជាដើម។

លោកឲ្យដឹងទៀតថា មួយរយៈពេលចុងក្រោយនេះ យើងមានការកែច្នៃទៅប្រទេសដែលមានតម្លៃបន្ថែមលើសពីអង្ករ ដូចជាសសៃគុយ សំណកណែម បញ្ចុកក្រៀម និងផលិតផលដទៃទៀតដែលសុទ្ធសឹងជាទំនិញមានសក្តានុពល ហើយមានបទដ្ឋានស្តង់ដារដែលអាចនាំចេញបានតែម្តង។

មុននឹងឈានដល់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អ្នកជំនាញបានសិក្សាយ៉ាងល្អិតល្អន់លើការងារនេះ គឺមានតែផលចំណេញគ្មានការខាតបង់ឡើយសម្រាប់កម្ពុជា។ កិច្ចព្រមព្រៀងនេះដែរ នឹងជំរុញឱ្យកម្ពុជាអាចនាំចេញនូវផលិតផលជាច្រើនទៀតទៅកាន់កូរ៉េមាន ដូចជា៖សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិច កៅស៊ូ និងផលិតផលកសិកម្មជាដើម រីឯការនាំចូលពីកូរ៉េមកវិញមាន យានយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងគ្រឿងសំអាងជាដើម។

គិតត្រឹមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-កូរ៉េ សម្រេចបានចំនួនប្រមាណជាង ៨៨៥លានដុល្លារ ប្រៀបធៀបនឹងឆ្នាំ២០១៩ ប្រមាណជាង ១ពាន់លានដុល្លារ ថយចុះប្រមាណ ១៨ភាគរយ។

ក្រៅពីប្រទេសចិន និងសាធារណរដ្ឋកូរ៉េ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតក្រុមការងារជំនាញដើម្បីសិក្សានិងរៀបចំគោលនយោបាយយុទ្ធសាស្ត្រចរចាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសធំៗគោលដៅចំនួន៦ទៀត ដែលក្នុងនោះមានសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ជាអង្គការសមាហរណកម្មថ្នាក់តំបន់នៅអាស៊ីខាងលិច អាស៊ីខាងកើត និងអាស៊ីកណ្តាល ប្រទេសឥណ្ឌាអាម៉េរិក អង់គ្លេស ជប៉ុន និងម៉ុងហ្គោលី៕

LEAVE A REPLY

Please enter your comment!
Please enter your name here