ខេត្តព្រះសីហនុកំណត់ផែនការស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍ក្រោយវិបត្ដិកូវីដ១៩

ដោយ៖ ​ណែត

ភ្នំពេញ ៖ ស្ថានភាពកូវីដ១៩នៅកម្ពុជាក្រោយពិធីបុណ្យភ្ជុំបិណ្ឌនៅតែរក្សាស្ថានភាពបានល្អ បន្ទាប់ពីរដ្ឋាភិបាលបានបើកសាកល្បងឱ្យភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្តកាលពីអំឡុងថ្ងៃឈប់សម្រាក ។ដោយឡែកខេត្តគោលដៅទេសចរណ៍មួយចំនួននៅកម្ពុជាក៏បានចាប់ផ្ដើមរៀបចំផែនការក្នុងស្ដារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិផងដែរ ជាក់ស្ដែងខេត្តព្រះសីហនុដែលជាខេត្តគោលដៅសំខាន់នៅក្នុងប្រទេសកម្ពុជាក៏បានចាប់ផ្ដើមរៀបចំបណ្ដើរៗផងដែរ ។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីប្រែក្លាយពីការគំរាមគំហែង ឲ្យទៅជាឱកាសសម្រាប់កែទម្រង់វិស័យទេសចរណ៍កម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដែលមានគុណភាព សុវត្ថិភាព និងនិរន្ដរភាព ជាពិសេស ការត្រៀមបើកគោលដៅភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំ២០២១ ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗនៅខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយអនុវត្តតាម ការណែនាំរបស់ ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ បានកំណត់នូវ  ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្ដិកូវីដ១៩ដោយកំណត់នូវចក្ខុវិស័យក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ថ្មីៗ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឲ្យស្របតាមស្ដង់ដារថ្នាក់ជាតិ និងថ្នាក់តំបន់ ព្រមទាំងជំរុញការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវទេសចរណ៍ ជំនាញបន្ថែម និងជំនាញថ្មីៗ ឲ្យស្របតាមតម្រូវការទីផ្សារ នៅក្រោយពីវិបត្ដិនៃជំងឺកូវីដ១៩ នេះទៅ។

លោកបន្តថា អ្វីដែលយើងត្រូវត្រៀមរួចរាល់មុនពេលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកដល់នោះគឺស្ដង់ដារអនាម័យនៃសេវាកម្មទេសចរណ៍ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារផ្ទះសំណាក់ ហើយក៏ត្រូវតែអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលនិងត្រូវប្រកបអាជីវកម្មតាមគន្លងថ្មី ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៩តុលា២០២១នេះ បានថ្លែងសារថា ស្ថានភាពកូវីដ១៩ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌនៅរក្សាតួលេខនិងមានការធ្លាក់ចុះដោយថ្ងៃ គឺជាឱកាសដ៏ល្អ ដើម្បីបើកប្រទេសឡើងវិញនៅពេលឆាប់ ។

សម្ដេចសង្កត់ធ្ងន់ថា យើងបិទប្រទេសយូរហើយ ហើយអ្នកឆ្លងកូវីដ១៩នៅតែមាននិងរកឃើញរាល់ថ្ងៃ ដូច្នេះយើងមិនអាចបន្តបិទទៅទៀតបានទេ យើងបើកប្រទេសបើកដំណើរការអាជីវកម្មឡើងវិញ ដោយត្រូវធ្វើអាជីវកម្មតាមគន្លងថ្មី និងត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីឱ្យសេដ្ឋកិច្ចរបស់យើងដំណើរការឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here