សហរដ្ឋអាមេរិក បង្ហាញផែនការសាងសង់ស្ថានីកង្ហារខ្យល់ផលិតអគ្គិសនីធំៗម្ដងដល់ទៅ៧គម្រោង

សុខុម

វ៉ាស៊ីនតោន: រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៣ តុលា បានបង្ហាញផែនការសាងសង់ស្ថានីកង្ហារខ្យល់ផលិតអគ្គិសនីធំៗម្ដងដល់ទៅ៧គម្រោងនៅតាមបណ្ដោយឆ្នេរក្នុងប្រទេសនេះ។

យោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី១៤ តុលា នេះឱ្យដឹងថា គម្រោងសាងសង់ស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនីនេះជាផ្នែកមួយ នៃការជំរុញរបស់រដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីផលិតដោយខ្យល់ទៅជាផ្ទះពលរដ្ឋជាង១០លានខ្នងនៅត្រឹមឆ្នាំ២០៣០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Deb Haaland រដ្ឋមន្រ្តីមហាផ្ទៃរបស់សហរដ្ឋអាមេរិក បានទម្លាយផែនការនេះក្នុងសន្និសីទសារព័ត៌មានស្តីពីថាមពលអគ្គិសនីផលិតដោយខ្យល់នៅទីក្រុងបូស្តុន (Boston) រដ្ឋម៉ាសាឈូសេត (Massachusetts)។

កាលពីខែមីនា ដើមឆ្នាំនេះ រដ្ឋការរបស់ប្រធានាធិបតី ចូ បៃឌិន បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើការសាងសង់ស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនីតាមមាត់ឆ្នេរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។

បន្ថែមពីលើការផ្គត់ផ្គង់ថាមពលខ្យល់ដល់ផ្ទះពលរដ្ឋជាង១០លានខ្នង រដ្ឋការរបស់លោក ចូ បៃឌិន ក៏មានផែនការផលិតថាមពលខ្យល់ឱ្យបាន៣០ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០៣០ កាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតឱ្យបានចំនួន៧៨លានតោន និងបង្កើតការងាររាប់ម៉ឺនកន្លែងផងដែរ។

ការគាំទ្ររបស់រដ្ឋការលោក ចូ បៃឌិន លើថាមពលខ្យល់គឺផ្ទុយគ្នាស្រឡះពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចំអកម្តងហើយម្តងទៀតចំពោះប្រភពថាមពលកកើតឡើងវិញនេះអំឡុងអាណត្តិលោកកាន់អំណាច ដោយអះអាងថា វាមានតម្លៃថ្លៃ និងគ្មានប្រសិទ្ធភាព៕ AFP ៕

LEAVE A REPLY

Please enter your comment!
Please enter your name here