ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុម Sprinkle មកពីវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យរបស់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតពានរង្វាន់អ្នកស្រាវជ្រាវវិទ្យាសាស្រ្តទិន្នន័យអាស៊ានឆ្នាំ២០២១ (DSE) នៅវគ្គផ្តាច់ព្រ័ត្តក្នុងតំបន់ ដែលត្រូវបានសហការរៀបចំឡើងដោយមូលនិធិអាស៊ាន និងក្រុមហ៊ុនសូហ្វវែរពហុជាតិ SAP ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា។
បទបង្ហាញរបស់ក្រុម Sprinkle បានផ្តោតទៅលើមជ្ឈមណ្ឌលកែច្នៃឡើងវិញ ដែលជាដំណោះស្រាយសម្រាប់ការគ្រប់គ្រងកាកសំណល់ ដែលទាក់ទងនឹង SDG 8 – ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច និង SDG 11 – ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព។

ក្នុងឆ្នាំនេះ ការប្រកួតនេះឱ្យតម្លៃលើការយល់ដឹង និងដំណោះស្រាយដែលផ្អែកទៅលើទិន្នន័យដែលគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN SDGs) ដោយបញ្ជាក់អំពីសារៈសំខាន់នៃសកម្មភាពអាកាសធាតុ និងនិរន្តរភាព។
ក្រុមយុវជនមកពីសាលា Saint Joseph Convent របស់ប្រទេសថៃបានទទួលចំណាត់ថ្នាក់លេខ១ជាមួយនឹងការធ្វើបទបង្ហាញរបស់ពួកគេស្តីពីការពង្រឹងវិស័យកសិកម្មឆ្ពោះទៅអនាគតប្រកបដោយចីរភាពនៃសហគមន៍អាស៊ានដែលទាក់ទងនឹង SDG 2 – ការគ្មានភាពអត់ឃ្លាន, SDG 4 – គុណភាពនៃការអប់រំ, និង SDG 8 – ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។
ក្រុម Brain Drain មកពីសាកលវិទ្យាល័យសាន់វ៉េរបស់ប្រទេសម៉ាឡេស៊ីបានទទួលចំណាត់ថ្នាក់លេខ៣ ដោយបានធ្វើបទបង្ហាញអំពីការផ្តល់អាទិភាពដល់សំណល់អេឡិចត្រូនិក ដែលទាក់ទងនឹង SDG 12 – ការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ។
គួរកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើមកាលពីក្នុងឆ្នាំ២០១៧ មក កម្មវិធីនេះបានផ្តល់ដល់យុវជនជាង ៣០ ០០០នាក់ និងអ្នកអប់រំចំនួន ២ ០០០នាក់មកពីវិទ្យាស្ថានជាង ៧០០ នៃការសិក្សាកម្រិតខ្ពស់ជាមួយនឹងជំនាញវិភាគទិន្នន័យ៕







