ដោយ: សុផារី
ភ្នំពេញ៖ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាមួយ UNCTAD និងប្រទេសជាសមាជិក និងអំពាវនាវឲ្យ UNCTAD បន្តជួយគាំទ្រដល់ប្រទេសកម្ពុជា លើការពង្រឹងសមត្ថភាពផលិត ការអភិឌ្ឍន៍សមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងជំនាញបច្ចេកទេសផងដែរ និងការផ្ដល់ជំនួយសម្រាប់ពាណិជ្ជកម្មបន្ថែម។
ក្នុងឱកាសអញ្ញើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១កន្លងទៅ លោករដ្ឋមន្ត្រីបានជម្រាបជូនថា ការផ្លាស់ប្តូរឌីជីថល (Digital Transformation) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បាននិងកំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធនតូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងពង្រឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការ ពាក់ព័ន្ធនានា ដើម្បីពន្លឿនការអភិវឌ្ឍវិស័យនេះឱ្យបានជោគជ័យ ប្រកបដោយចីរភាព និងបរិយាបន្ន។
យ៉ាងណាមិញ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល បានពង្រីកគម្លាតឌីជីថលរវាងប្រទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យកាន់តែធំ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយប្រទេសជាដៃគូពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធនានា រួមមានអង្គការ UNCTAD មានតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍ និងការទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងប្រព័ន្ធច្បាប់ និងគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាព ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។
កន្លងមក នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ នៃសន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 14) ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៧ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ សម្រាប់ធ្វើការវិភាគការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក (eTrade Readiness Assessment) ក្រោមការឧបត្ថមរបស់អង្គការ UNCTAD។ ការវិភាគនេះ មានសារៈសំខាន់ក្នុងការចង្អុលបង្ហាញភាពខ្វះខាត និងបង្កើតជាផែនទីបង្ហាញផ្លូវមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិកនៅកម្ពុជា តាមរយៈគោលនយោបាយអភិវឌ្ឍន៍ ចំនួន ៧ រួមមាន គោលនយោបាយ និងយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្ម ICT ការសម្របសម្រួល និងឡូជីស្ទីកពាណិជ្ជកម្ម ដំណោះស្រាយលើការទូទាត់ ក្របខ័ណ្ឌនិងបទប្បញ្ញត្តិច្បាប់ ការអភិវឌ្ឍជំនាញ និងលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ។ ជាលទ្ធផល ក្រសួងពាណិជ្ជកម្មបានដឹកនាំនិងចូលរួមការអភិវឌ្ឍ និងការធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាច្រើនរួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីបទល្មើស បច្ចេកវិទ្យាព័ត៌មាន និងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការលើកទឹកចិត្តធុរកិច្ចឌីជីថលថ្មីជាដើម ក្នុងគោលបំណងដើម្បីគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងដោះស្រាយហានិភ័យផ្សេងៗពាក់ព័ន្ធទៅនឹង កិច្ចការពារទិន្នន័យ សន្តិសុខ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។ល។
លោក ប៉ាន សូរស័ក្តិ ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមើលឃើញពីចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ រដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាបានរំលេចអំពីការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០ ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤។ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារ និងជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ក្រោយពីវិបត្តិនៃការឆ្លងរាតត្បាតជាសកលនៃមេរោគកូវីដ-១៩៕







