ហេតុអ្វីរដ្ឋាភិបាលអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញតែបន្តរឹតត្បិតអាជីវកម្មមួយចំនួនដដែល ?

ភ្នំពេញ ៖ សាលារៀនតាមបណ្ដាខេត្តមួយចំនួនចាប់ផ្ដើមបើកដំណើរការឡើងវិញ ហើយសាលារៀនជាច្រើនទៀតទាំងរដ្ឋនិងឯកនៅរាជធានីភ្នំពេញក៏នឹងចាប់ផ្ដើមបើកដំណើរការឡើងវិញនៅថ្ងៃទី១៥ កញ្ញា២០២១ខាងមុខនេះដែរ ប៉ុន្តែអាជ្ញាធរនៅតែបន្តរឹតបន្តឹងចំពោះអាជីវកម្មប្រមូលផ្ដុំមួយចំនួនខណៈសាលារៀនក៏ចាត់ទុកជាអាជីវកម្មប្រមូលផ្ដុំដូចគ្នា ។ហេតុអ្វីរដ្ឋាភិបាលអនុញ្ញាតឱ្យសាលារៀនបើកតែបន្តរឹតត្បិតអាជីវកម្មផ្សេង ?

បើយោងតាមប្រសាសន៍លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបើកសាលារៀនឡើងវិញវាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់អនាគតកុមារា កុមារីកម្ពុជានិងអនាគតប្រទេសកម្ពុជា ។ ការបើកសាលារៀនរដ្ឋ និងឯកជនឡើងវិញ គឺបន្ទាប់ពីកម្ពុជាបានចាក់វ៉ាក់សាំង ជូនកុមារពីអាយុ១២ដល់១៧ឆ្នាំរួចហើយ ហើយក៏ចាក់ជូនពលរដ្ឋ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ បានស្ទើរតែគ្រប់គ្នាផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថាយើងបើកសាលារៀនឱ្យក្មេងៗចូលរៀនបាន តែត្រូវគោរពតាមវិធានការ ដោយមួយថ្នាក់ត្រូវកំណត់ត្រឹម១៥នាក់ប៉ុណ្ណោះ ហើយបើសិនជាក្នុងនោះមានសិស្ស៣០នាក់គឺត្រូវរៀនក្នុងថ្នាក់ឆ្លាស់វេនគ្នា ពោលគឺ១៥នាក់រៀនក្នុងថ្នាក់នៅថ្ងៃនេះ និង១៥នាក់ទៀតរៀនតាមអនឡាញ ហើយក៏ធ្វើការឆ្លាស់វេនគ្នាទៅវិញទៅមក ។ សម្រាប់សិស្សដែលមិនទាន់ចាក់វ៉ាក់សាំង តម្រូវឱ្យអង្គុយនៅឆ្ងាយពីគេ និងត្រូវតាមដានកុំឱ្យគាត់ជិតស្និទ្ធជាមួយកុមារដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ លោកថា៖«ធ្វើបែបនេះ មិនមែនយើងរើសអើងគាត់ទេ តែជាការការពារគាត់កុំឱ្យឆ្លងជំងឺពីគេទៅវិទេ ហើយសម្រាប់គ្រូដែលមិនទាន់ចាក់វ៉ាក់សាំងដោយសារហេតុផលជំងឺផ្ទាល់ខ្លួន ក៏យើងមិនអនុញ្ញាតឱ្យបង្រៀនក្នុងថ្នាក់ដែរ គឺឱ្យបង្រៀនតាមអនឡាញដដែល » ។ 

លោកបន្ថែមថា យើងបើកសាលារៀនហើយបន្តរឹតបន្តឹងចំពោះអាជីវកម្មអាហារដ្ឋាន ភោជនីយដ្ឋាន បៀរហ្កាដិន ក្លឹបជាដើម ព្រោះអាជីវកម្មទាំងនេះអាចលក់វេចខ្ចប់និងអាចយកទៅពីសានៅផ្ទះបាន ដោយមិនចាំបាច់ទទួលទានជុំគ្នានោះទេ ទោះបីជាចំនួនអ្នកឆ្លងកូវីដ១៩នៅរាជធានីភ្នំពេញបានធ្លាក់ចុះទៅហើយក្ដី ។ លោកថា៖«ថ្វីត្បិតតែចំនួនអ្នកឆ្លងធ្លាក់ចុះមែន ប៉ុន្តែការរាតត្បាតនៃមេរោគកូវីដ១៩ប្រភេទថ្មី Delta នៅភ្នំពេញមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន និងទប់ស្កាត់ការឆ្លងមេរោគ ប្រភេទថ្មីនេះទាំងអស់គ្នា » ។

បើតាមលោកជំទាវឱ វណ្ឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ផងដែរថា ការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងប្រទេស សម្រាប់កុមារ និងមនុស្សចាស់ បានគ្រប់គ្នាវិញនឹងធ្វើឱ្យកម្ពុជានឹងអាចបើកសេដ្ឋកិច្ចឡើងវិញនៅពេលឆាប់ៗ និងអាចឱ្យប្រជាពលរដ្ឋ ប្រកបអាជីវកម្មជាធម្មតាឡើងវិញផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here