ដោយៈតារា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់ការអនុវត្តច្បាប់ស្តីពី មូលបត្ររដ្ឋឱ្យចប់យ៉ាងយូរនៅត្រឹមដើម២០២២។
មូលបត្ររដ្ឋ នឹងផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាល ទទួលបាននូវទុនបន្ថែមសម្រាប់យកទៅប្រើប្រាស់ផ្សេងៗ ជាប្រភពទុនមួយបន្ថែមទៀត ជាជាងពឹងលើប្រភពទុនតែមួយ ដែលបច្ចុប្បន្ន បានមកពីការប្រមូលចំណូលពន្ធ និងចំណូលផ្សេង ក៏ដូចជាទទួលបានជាកម្ចីពីដៃគូអភិវឌ្ឍន៍ ឬប្រទេសជាមិត្ត។ នេះបើតាមការឱ្យដឹងពីលោក ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន នៅតែការពិភាក្សាលម្អិតចុងក្រោយ ព្រោះថា កម្ពុជា មានមូលដ្ឋានច្បាប់ស្ទើតែគ្រប់គ្រាន់អស់ហើយ។ មុននឹងបោះផ្សាយមូលបត្ររដ្ឋ ប្រកាស ស្តីពីបោះផ្សាយមូលបត្ររដ្ឋ ជាមួយនឹងតម្លៃចរឹកនៃមូលបត្ររដ្ឋ នឹងត្រូវធ្វើឡើង។ វត្តមានមូលបត្ររដ្ឋ នឹងជួយអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និងអាចទាក់ទាញវិនិយោគិន ជាស្ថាប័ន ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិសោធននិវត្តន៍ ដែលក្រុមហ៊ុនទាំងនោះ អាចមានសល់ប្រាក់ទំនេរ រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដែលអាចឱ្យក្រុមហ៊ុនទាំងនោះវិនិយោគលើមូលបត្ររដ្ឋ ដែលមានហានិភ័យទាប។
ច្បាប់ស្តីពីមូលបត្ររដ្ឋ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីចុងឆ្នាំ២០២០កន្លងទៅ ដែលមានគោលបំណងផ្តល់នូវក្របខណ្ឌរួម សម្រាប់គ្រប់គ្រងការបោះផ្សាយការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព ព្រមទាំងធានាបាននូវចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈសំដៅរួមចំណែកពង្រឹងការគ្រប់គ្រង តម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម អភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងទៀត។
ច្បាប់ស្តីពីមូលបត្ររដ្ឋនេះ មានវិសាលភាពអនុវត្តចំពោះការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ដែលបោះផ្សាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា។ ការបោះផ្សាយមូលបត្ររដ្ឋ ជាសិទ្ធិអំណាចផ្តាច់មុខរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨។
បច្ចុប្បន្ន មូលបត្រដែលបោះលក់នៅផ្សារមូលបត្រកម្ពុជា ត្រូវបានចែកចេញជា២ គឺមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ក្រុមហ៊ុនបោះផ្សាយមូលបត្រភាគហ៊ុន មានចំនួនក្រុមហ៊ុន និងក្រុមហ៊ុនបោះផ្សាយមូលបត្របំណុល មាន៧ក្រុមហ៊ុន៕