ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កម្រិតនៃការឧបត្ថម្ភធនលើបន្ទះសូឡា នាំចូលពីកម្ពជាដល់ទៅ៣៥២១% របស់សហរដ្ឋអាមេរិក ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រកាសកាលពី ដើមខែមេសា ឆ្នាំ២០២៥ នេះឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានចេញផ្សាយសេចក្តីសម្រេចចុងក្រោយក្នុង ករណីស៊ើបអង្កេតឧបាស្រ័យពាណិជ្ជកម្ម លើការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធន លើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា។
ក្រសួងពាណិជ្ជកម្មសូមបញ្ជាក់ជូនថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធននេះ ជា នីតិវិធីដោយផ្អែកលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡា ក្នុងស្រុករបស់សហរដ្ឋអាមេរិកដែលព្រួយបារម្ភចំពោះការ ប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅលក់លើទីផ្សារសហរដ្ឋអាមេរិក។
ករណីស៊ើបអង្កេតនេះបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ហើយក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលជាមួយវិស័យឯក ជនពាក់ព័ន្ធ និងស្ថាប័នរដ្ឋ ដើម្បីចូលរួមបំភ្លឺលើចំណុចនៃការចោទករណីខាងលើនេះ៕