ADBប្រកាសអនុវត្តន៍គម្រោងបង្កើនភាពធន់នឹងអាកាសធាតុជាមួយទឹក ប្រាក់៤,៤លានដុល្លារ

ដោយៈ លក្ខិណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន ប្រកាសនៅថ្ងៃនេះថា គំនិតផ្តួចផ្តើមថ្មី ជាជំនួយបច្ចេកទេសថ្នាក់តំបន់រយៈពេល៦ឆ្នាំ បានបង្កើនសមត្ថភាព ប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងវៀតណាម ដើម្បី ឆ្លើយតបទៅនឹងការគំរាមកំហែងលើសុខភាព ដែលបណ្តាលមកពីអាកាសធាតុ ខណៈពេលមានការរីក រាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។នេះបើតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅរសៀលថ្ងៃទី១៩ កក្កដា ២០២១នេះ។

ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដល់វិស័យសុខាភិបាល ក្នុងគម្រោ​ងមហាអនុតំបន់មេគង្គ(GMS)បានជួយប្រទេសទាំងបីអនុម័តផែនការបន្សាំ សម្រាប់ផ្នែកសុខាភិបាលជាតិ ដើម្បីដោះស្រាយហានិភ័យបណ្តាលមកពីអាកាសធាតុ រួមមានកំដៅនិងជំងឺឆ្លងដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ភាពតានតឹងអារម្មណ៍ដោយសារកម្តៅ និងជំងឺរាក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំរោងនេះ វាបានបញ្ចប់ការវាយតម្លៃលម្អិត នៃភាពងាយរងគ្រោះ និងការបន្ស៊ាំ សម្រាប់ខេត្តចំនួន១៤ ដែលមានហានិភ័យខ្ពស់ ក្នុងប្រទេសទាំងបី ហើយបានបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលជាង១.៣០០នាក់ អំពីការប្រែប្រួលអាកាសធាតុ និងការបន្សាំសុខភាព។ លើសពីនេះទៀត អ្នកធ្វើគោលនយោបាយជាង៦០០នាក់ មកពីវិស័យសាធារណៈ និងឯកជន បានចូលរួមក្នុងកិច្ចប្រជុំតស៊ូមតិ និងសិក្ខាសាលាជាន់ខ្ពស់ ផ្តោតលើយុទ្ធសាស្ត្របន្ស៊ាំសុខភាពជាតិ និងការសម្របសម្រួលការតាមដាន ព្រមទាំងការឆ្លើយតបនឹងជំងឺ ជាមួយអ្នកចូលរួមដទៃទៀត។

គម្រោងនេះ ក៏បានជួយដល់រដ្ឋាភិបាលទាំងបីប្រទេស ក្នុងការកំណត់ការវិនិយោគ ដែលមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយអត្រាមរណភាពនិងជំងឺ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ការជួយ នេះរួមមាន ការបង្កើតប្រព័ន្ធប្រកាសអាសន្នកំដៅបឋម និង ការកែលម្អបរិក្ខារសុខាភិបាលឱ្យមានភាពធន់ នឹងអាកាសធាតុ ពិសេសនៅក្នុងតំបន់ដាច់ស្រយាល និង សហគមន៍ដែលមិនទាន់បានទទួល ការគាំទ្រ។

លោកស្រី Ayako Inagaki នាយិកាផ្នែកអភិវឌ្ឍន៍មនុស្សនិងសង្គម នៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ADB បានមានប្រសាសន៍ថា “គម្រោងនេះបានជួយកាត់បន្ថយភាពងាយរងគ្រោះ របស់ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រទេសវៀតណាម ទៅនឹងការគំរាមកំហែងដល់ផ្នែកសុខាភិបាល ដែលបង្កឡើងដោយអាកាសធាតុ ពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ រួមមានពលរដ្ឋក្រីក្រ ពលរដ្ឋចំណាកស្រុក និងជនជាតិភាគតិច”។

នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ថា “ជាមួយនឹងផែនការជាតិដែលបានបញ្ចប់ថ្មីៗ សំដៅធ្វើឱ្យប្រព័ន្ធសុខាភិបាលកាន់តែធន់នឹង ការប្រែប្រួលអាកាសធាតុ ព្រមទាំងសមត្ថភាពដែលត្រូវបានបង្កើនឡើងដល់មន្ត្រីសុខាភិបាល ប្រទេសកម្ពុជាកាន់តែរឹងមាំ ក្នុងការការពារសហគមន៍ងាយរងគ្រោះ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ចំពេលដែលកំពុងមានការរាតត្បាតពីកូវីដ១៩”។

រដ្ឋាភិបាលនៃប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ប្រទេសវៀតណាម ទទួលស្គាល់ថាការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំមួយ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយចីរភាពរបស់ប្រទេស។ ប្រទេសទាំងបី បានអនុម័តលើផែនការយុទ្ធសាស្ត្រ សម្រាប់សុខភាពសាធារណៈ ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here