តើគណនេយ្យករមានសារសំខាន់អ្វីខ្លះសម្រាប់ក្រុមហ៊ុននីមួយៗ?

ដោយៈ លក្ខិណា

ភ្នំពេញៈ នៅក្រុមហ៊ុនធំៗនិងស្ដង់ដារត្រឹមត្រូវ តែងតែមានគណនេយ្យករ សម្រាប់បម្រើការនៅក្នុងក្រុមហ៊ុន ហើយក្រុមហ៊ុនខ្លះទៀតមានគណនេយ្យករម្នាក់ពីរនាក់ ឬច្រើនជាងនេះ អាស្រ័យទៅលើក្រុមហ៊ុននោះតូច ឬធំ។

តើគណនេយ្យករមានសារសំខាន់អ្វីខ្លះសម្រាប់ប្រតិបត្តិការក្រុមហ៊ុននីមួយៗ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកសាន ឬទ្ធី អគ្គនាយកក្រុមហ៊ុន ACClime Cambodia និងជាអ្នកជំនាញគណនេយ្យមួយរូបនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះថា គណនេយ្យករមានតួនាទីសំខាន់ណាស់ ក្នុងការបិទបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវស្របតាមស្តង់ដារគណនេយ្យ និងក៏ជាដៃគូសំខាន់បំផុតរបស់អាជីវកម្ម។

លោកបានថ្លែងបន្តថា មូលហេតុដែលគណេនយ្យករជាដៃគូសំខាន់របស់អាជីវកម្ម ដោយសារតែនៅក្នុងអាជីវកម្មនីមួយៗ មានសកម្មភាពពីរ គឺមួយសកម្មភាពអាជីវកម្ម (Business Activity ) និងការគាំទ្រអាជីវកម្ម ( Support Activity ) ។ Business Activity សំដៅលើក្រុមជើងមុខហើយ Support Activity សំដៅលើក្រុមជើងក្រោយ។

លោកបានឱ្យដឹងទៀតថា ក្រុមគណនេយ្យករ និងក្រុមធនធានមនុស្សនិងរដ្ឋបាល គឺត្រូវបានចាត់ទុកជាក្រុមជើងក្រោយ ដែលជួយគាំទ្រ និងរៀបចំឱ្យក្រុមហ៊ុននោះធ្វើអ្វីស្របទៅតាមច្បាប់នៃប្រទេសនីមួយៗ បានកំណត់ និងជាអ្នករៀបចំយុទ្ធសាស្ត្រក្រុមហ៊ុនឱ្យមានដំណើរការត្រឹមត្រូវ និងរីកចម្រើន។

លោកបានបន្តទៀតថា នៅក្នុងប្រទេសកម្ពុជាយើងវិញ ជំនាញគណនេយ្យប្រមាណ៩០ភាគរយ គឺបានសិក្សាបរិញ្ញាប័ត្រគណនេយ្យ និងអាចចូលបម្រើការងារនៅក្នុងស្ថាប័នក្រុមហ៊ុននានាបាន ប៉ុន្តែបើសួរថាតើពួកគាត់មានជំនាញដែលស្របតាមស្ដង់ដារអន្តរជាតិ ឬចេញពី ACCA គឺមិនមានទេដូច្នេះហើយទើបនិយាយថាគ្រប់ACCA គឺជាគណនេយ្យករ តែគ្រប់គណនេយ្យករមិនមែនជា ACCA ទេ។

លោកបានថ្លែងដូច្នេះថា “វាជាការប្រសើរខ្លាំងបើសិនជាអ្នករៀនចប់បរិញ្ញាប័ត្រគណនេយ្យហើយទៅរៀនយកជំនាញ ពី CPA បន្ថែមទៀតនិងបម្រើការតាមសហគ្រាសខ្នាតតូចនិងមធ្យមឬក៏តាមក្រុមហ៊ុនណាផ្សេងទៀត”។

លោកបណ្ឌិតផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានឱ្យដឹងផងដែរថា ជំនាញមួយនេះកំពុងមានតម្រូវការខ្លាំងណាស់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ក្នុងមួយឆ្នាំសាលារបស់លោកមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅកាន់ទីផ្សារការងារនោះទេ ហើយសិស្សរបស់យើងខ្លះមិនទាន់ទាំងរៀនចប់ផងក៏មានក្រុមហ៊ុននិងស្ថាប័នផ្សេងៗ មកទាក់ទងយកទៅធ្វើបាត់ទៅហើយ។

លោកបានបន្តថា អ្វីដែលកត់សម្គាល់នោះ នៅក្នុងប្រទេសកម្ពុជា មានអ្នកដែលមានជំនាញគណនេយ្យស្តង់ដារអន្តរជាតិតិចបំផុតបើប្រៀបធៀបនឹងប្រទេសជិតខាងឬប្រទេសរីកចម្រើនជិតខាងរបស់កម្ពុជា ដូច្នេះទាមទារឱ្យមានការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជំនាញគណនេយ្យនេះបន្ថែមទៀតដើម្បីប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here