ដោយៈ លក្ខិណា
ភ្នំពេញៈ អាជ្ញាធរភ្នំពេញ គ្រោងនឹងពង្រីកការលក់ដូរបន្ថែមទៀត ដើម្បីជំរុញសកម្មភាពអាជីវកម្មរបស់អាជីវករតាមផ្សារក្នុងរាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរបានអនុញ្ញាតឱ្យផ្សាររដ្ឋនៅទូទាំងរាជធានីភ្នំពេញ បើកដំណើរការប្រមាណ២សប្ដាហ៍ ហើយអត្រាឆ្លងកូវីដ១៩នៅតាមផ្សារក៏បានធ្លាក់ចុះ។
លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំតាមរយៈ video conference កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ផ្សាររដ្ឋទាំង២៥ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចឱ្យបើកដំណើរការលក់ដូរឡើងវិញប្រមាណ ២សប្ដាហ៍ កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ ជាដើម។
លោកបានឱ្យដឹងថា “ក្រោយពីបើកឱ្យដំណើរការឡើងវិញនោះ សង្កេតឃើញថា នៅតាមផ្សាររដ្ឋទាំង២៥ មិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥ ឱ្យបានធំទូលាយជាងមុន”។
លោកបានបន្តថា មុនការបើកវិសាលភាពផ្សារឱ្យបានទូលំទូលាយជាងនេះបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង ២៥ ជាមុនសិន ដើម្បីពិនិត្យលទ្ធភាពពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា។
លោកបានថ្លែងបន្តថា ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ប្រាប់ទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជនឱ្យបានជ្រាបជាព័ត៌មាន ដោយសារតែប្រជាពលរដ្ឋភាគច្រើន បានចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធានការ ៣កុំ និង៣ការពារ បានល្អ មានន័យថា ពួកគាត់ចេះរស់នៅក្នុងបដិបទថ្មីកូវីដ-១៩ហើយ។
លោកវន់ ពៅប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានឱ្យដឹងផងដែរថា ការបើកដំណើរការឡើងវិញនៃអាជីវកម្មទាំងនេះ នឹងបានជួយសម្រាលបន្ទុកដល់ក្រុមអាជីវករមួយចំនួន ទទួលបានប្រាក់ចំណូលឡើងវិញ ក្រោយពេលបិទខ្ទប់អស់រយៈពេលជិត១ខែកន្លងទៅ។ ប៉ុន្តែទោះបីជាមានការបើកដំណើរការឡើងវិញក៏ឃើញថា សកម្មភាពអាជីវកម្មក៏មិនប្រសើរដូចមុនពេលមានវិបត្តិនៃព្រឹត្តិការណ៍២០កុម្ភៈ២០២១ដែរ តែក៏ប្រសើរជាងការបិទខ្ទប់ទាំងស្រុង។
លោកក៏បានស្នើឱ្យអាជ្ញាធរយកចិត្តទុកដាក់បន្តផ្សព្វផ្សាយនិងជំរុញឱ្យក្រុមអាជីវករត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចប់ការឆ្លងរាលដាបន្តទៀត ដែលអាចធ្វើឱ្យខាតសេដ្ឋកិច្ចកាន់តែធំ៕