ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ធនាគារហត្ថាបាន និងកំពុងផ្តល់នូវកញ្ចប់ការប្រាក់ពិសេស ប្រចាំឆ្នាំសម្រាប់អតិថិជនមកបើកគណនេយ្យចរន្ត ដោយអត្រាការប្រាក់មានកម្រិត២,២៥ភាគរយ ដែលជាការផ្តល់ជូនមិនធ្លាប់មាន។
ប្រធានផ្នែកទីផ្សារធនាគារហត្ថា លោកកែវ គឹមហ៊ុតបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ មិថុនានេះថា ជាមួយនឹងការគាំពារអតិថិជន ក្នុងការផ្តល់សេវាកម្មកាន់តែល្អជូនអតិថិជន និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទំនើប ធនាគារហត្ថាបានពង្រីកផលិតផលថ្មីមួយទៀត ដោយផ្តល់ការប្រាក់ពិសេសដល់អតិថិជន ដែលបើកគណនេយ្យចរន្តជាមួយអត្រាការប្រាក់២,២៥ភាគរយប្រចាំឆ្នាំ ខណៈធនាគារដទៃទៀតបានផ្តល់ទាបជាងនេះ។
លោកបន្តថា “គណនេយ្យចរន្ត ជាប្រភេទគណនេយ្យដែលអតិថិជនអាចដកប្រាក់បានតាមការចង់បាន ប៉ុន្តែការប្រើប្រាស់គណនេយ្យបែបនេះ ទាមទារឲ្យប្រើប្រាស់ប្រព័ន្ឋទូទាត់ជា “សែក” មិនមែនដកជាលុយសុទ្ឋបានឡើយ”។
លោកកែវ គឹមហ៊ុតបានបន្តថា ជាមួយនឹងការទទួលបានកញ្ចប់ការប្រាក់ពិសេស អតិថិជន ក៏មានឱកាសផ្សងសំណាងដើម្បីទទួលបានរថយន្ត និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ងាយស្រួលក្នុងការធ្វើប្រតិបត្តិការ និងដកប្រាក់នៅតាមការិយាល័យធនាគារហត្ថាទូទាំង២៥រាជធានី ខេត្ត។ អាចប្រើប្រាស់សេវាជាច្រើនផ្សេងទៀតដូចជា ការបើកប្រាក់បៀវត្សរ៍ សេវាHatha Mobile សេវាអេធីអ៊ឹម និងការស្នើឥណទានវិបារូបណ៍ មិនគិតកម្រៃសេវាលើប័ណ្ណសន្សំប្រាក់ មូលប្បទានបត្រ កាតអេធីអ៊ឹម ការថែរទាំគណនេយ្យ និងសេវាកម្មរហ័សទាន់ចិត្ត ចំណេញពេលវេលា និងប្រកបដោយទំនុកចិត្តខ្ពស់៕