តើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានលក្ខណៈមានខុសគ្នាអ្វីខ្លះ?

ដោយៈ សាវុធ
ភ្នំពេញៈ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅប្រទេសកម្ពុជា ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ វាត្រូវបានបែងចែក២ គឺធនាគារ និងមីក្រូហិរញ្ញវត្ថុ។

តើអ្នកធ្លាប់មានចម្ងល់ទេថា តើស្ថាប័នឯកជនទាំងពីរនេះ មានលក្ខណៈខុសគ្នាត្រង់ណាខ្លះ?។
យោងតាមច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមាត្រា២បានចែងថា៖ ប្រតិបត្តិការរបស់ធនាគាររូមមានៈ
ទី១) ផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជន ដោយមានកំរៃដោយរាប់បញ្ចូលទាំងឥណទាន ភតិសន្យា និងការសន្យាតាមហត្ថលេខា។
ទី២) ទទួលប្រាក់បញ្ញើ ដែលមិនមានមុខសញ្ញាប្រើប្រាស់ពីអតិថិជន។
ទី៣) ប្រព្រិត្តកម្មនិងដាក់អោយអតិថិជនប្រើប្រាស់ នូវមធ្យោបាយទូទាត់ជារូបិយប័ណ្ណឬរូបិយវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារត្រូវបានបែងចែកជាពីរ៖ធនាគារពាណិជ្ជ និងធនាគារឯកទេស។ ធនាគារពាណិជ្ជជាធនាគារ ដែលមានសិទ្ធធ្វើប្រតិបតិ្តការ បានទូលំទូលាយរួមមាន ទទូលប្រាក់បញ្ញើ ផ្តល់ប្រាក់កម្ចី ផ្តល់នូវសេវាទូទាត់ផ្សេងៗទៀត ដោយអនុវត្ដតាមចំណុចទាំងបីខាងលើ ដែលជា ប្រតិបត្តិការរបស់ធនាគារ។

ឧទាហរណ៍ ធនាគារហត្ថា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារអេប៊ីអេ ធនាគារស៊ីអាយអ៊ឹមប៊ី…។ ចំណែកធនាគារឯកទេសវិញ គឺសំដៅលើធនាគារណា ដែលបានជ្រើសយកប្រតិបត្តិការមួយ ក្នុងចំណោម៣ប្រតិបត្តិការខាងលើ ដែលរួមមានធនា​គារឯកទេសវីង ធនាគារខេមខាប់ភីថល ធនាគារឯកទេសអ៊ីអនជាដើម។

រីឯមីក្រូហិរញ្ញវត្ថុវិញមានមុខងារ ក្នុងការផ្តល់នូវប្រាក់កម្ចីតែមូយគត់ មានដូចជាមីក្រូហិរញ្ញវត្ថុ ហ្វឺសហ្វាយនែន មីក្រូហិរញ្ញវត្ថុសូណាត្រា មីក្រូហិរញ្ញវត្ថុចំរើន…។ ប៉ុន្តែគាត់អាចដាក់ស្នើសុំអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ១ទៀតបាន ប្រសិនបើគាត់ចង់ទទួលប្រាក់បញ្ញើផង និងផ្ដល់កម្ចីផងដូចជា មីក្រូហិរញ្ញវត្ថុអម្រឹត មីក្រូហិរញ្ញវត្ថុអេអឹមខេ …។

លក្ខណៈដែលធនាគារ និងមីក្រូហិរញ្ញវត្ថុមិនដូចគ្នានោះគឺ ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ប្រាក់ដែលត្រូវបង់ថ្លៃអាជ្ញាប័ណ្ណ ដើមទុនអតិប្បរមាដែលគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនីមួយៗ ត្រូវមានជាដើម។លក្ខណៈពិសេសដែលខុសគ្នានោះគឺជាធម្មតា អត្រាការប្រាក់កម្ចីនៅធនាគារទាប ជាងអត្រាការប្រាក់នៅតាមមីក្រូហិរញ្ញវត្ថុ ហើយក៏នៅមានចំណុចខុសគ្នា មួយចំនួនទៀតអាស្រ័យទៅ តាមគោលនយោបាយរបស់ធនាគារនិងមីក្រូហិរញ្ញវត្ថុនីមួយៗ។

សម្រាប់ព័ត៌មានអោយកាន់តែលំអិត អ្នកអាចចូលទៅកាន់គេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើការស្វែងយល់អោយកាន់តែច្បាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here