មន្រ្តីស្ថានទូតកូរ៉េថាអ្នកធុរកិច្ចកូរ៉េចង់វិនិយោគលើវិស័យរ៉ែនៅកម្ពុជា

 ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ស្ថានទូតកូរ៉េប្រចាំកម្ពុជា បានបង្ហាញនូវចំណា​ប់អារម្មណ៍ ចង់វិនិយោគលើវិស័យរ៉ែនៅកម្ពុជា និងស្នើឲ្យកម្ពុជាលើកជាគម្រោងសិក្សាលម្អិតបន្ថែម ទៅលើសក្ដានុពលរ៉ែ ដើម្បីរកមើលថវិកា ក៏ដូចជាក្រុមការងារផ្សេងៗ ដើម្បីចូលរួមក្នុងការស្វែងរុករក។

ការបង្ហាញនូវចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកអ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងលោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ជាមួយលោក Lee HyuKsang លេខាធិការទី១ នៃស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារនេះ បានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងរ៉ែ និងថាមពលនាសប្ដាហ៍មុន ក្នុងគោលបំណង ពិភាក្សាកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្មរ៉ែ រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកLee HyuKsang បានស្វែងយល់អំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍវិស័យរ៉ែ និងការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា ដែលក្រុមហ៊ុនរបស់ប្រទេសកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគ លើវិស័យរ៉ែនៅកម្ពុជា។

លោកអ៉ឹង ឌីប៉ូឡាបានបញ្ជាក់ថា វិស័យរ៉ែនៅកម្ពុជា ដែលភាគីកូរ៉េ បានបង្ហាញនូវចំណាប់អារម្មណ៍ ចង់វិនិយោគរួមមាន៖ Copper (រ៉ែទង់ដែង) Tungsten Manganese Lithium និងរ៉ែផ្សេងៗទៀត។

លោកអ៉ឹង ឌីប៉ូឡា បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ភាគីកូរ៉េ បានឲ្យភាគីកម្ពុជា ធ្វើការលើកជាគម្រោងសិក្សាលម្អិតបន្ថែម ទៅលើសក្ដានុពលរ៉ែនៅកម្ពុជា ទៅភាគីកូរ៉េ។ ភាគីកូរ៉េ នឹងអាចរកថវិកាពីដៃគូនៅកូរ៉េ ដើម្បីធ្វើការសហការ ជាមួយនឹងក្រសួងរ៉ែ និងថាមពល។

លោកបានបន្ដថា ដោយការសិក្សាតាំងពីសម័យបារាំងមក សព្វថ្ងៃនេះ កម្ពុជាបានរកឃើញនូវសក្ដានុពលរ៉ែមួយចំនួន បន្ទាប់មកក៏បន្ដកិច្ចសហការ ជាមួយជប៉ុន កូរ៉េ ចិន ឆែកូ និងរុស្សី ក៏ប៉ុន្ដែការសហការគ្នានេះ មិនទាន់អាចសិក្សា ទៅបានគ្រប់ទីតាំង និងបានស៊ីជម្រៅ អំពីសក្ដានុពលរ៉ែនីមួយៗ ច្បាស់លាស់។

លោកអ៉ឹង ឌីប៉ូឡា បានបន្តទៀតថា ភាគីកូរ៉េ ស្នើសុំឲ្យកម្ពុជា លើកជាគម្រោង រួចហើយភាគីកូរ៉េ នឹងលើកយកគម្រោងនេះ ទៅឲ្យរាជរដ្ឋាភិបាលកូរ៉េ ដើម្បីរកមើលថវិកា ក៏ដូចជាក្រុមការងារផ្សេងៗ ដើម្បីចូលរួមក្នុងការស្វែងរុករកសក្ដានុពលរ៉ែនៅកម្ពុជា។

លោកបន្តដោយបានបញ្ជាក់ថា បន្ទាប់ពីការស្វែងរុករកនេះ ទទួលបានជោគជ័យ បើសិនជារកឃើញថា ប្រភេទរ៉ែ Copper (រ៉ែទង់ដែង), Tungsten Manganese Lithium មានសក្ដានុពលនោះ ជំហានបន្ទាប់ទៀត ភាគីកូរ៉េនឹងអាចចាប់អារម្មណ៍ ក្នុងការវិនិយោគទុនលើវិស័យរ៉ែនៅកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here