NBCនឹងដាក់ដេញថ្លៃមូលបត្ររដ្ឋជាលើកដំបូងនៅថ្ងៃស្អែកក្នុង ទំហំទឹកប្រាក់២៥លានដុល្លារ

ដោយៈ វិវឌ្ឍន៍

       ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) នឹងធ្វើការដេញថ្លៃមូលបត្ររដ្ឋ ជាលើកដំបូង នៅក្នុងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ប្រមាណ២៥លានដុល្លារអាមេរិក ឬស្មើនឹង១០ម៉ឺនហ៊ុន ក្នុងចំណោមទឹកប្រាក់ដែលត្រូវបោះផ្សាយសរុប ៣០០លានដុល្លារអាមេរិក។

មន្ត្រីជំនាញនៅក្នុងវិស័យមូលបត្របានឱ្យដឹងថា សម្រាប់ការទិញលក់មូលបត្ររដ្ឋជាលើកដំបូងនេះ គឺធ្វើឡើងសម្រាប់តែស្ថាប័ន ឬគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាសម្រាប់ការបោះផ្សាយលក់ លើកទី២ អាចនឹងធ្វើឡើងតាមរយៈក្រុមហ៊ុនផ្សារមូលបត្រ ដែលបើកឱ្យសាធារណជនទូទៅ អាចចូលរួមទិញលក់បាន។

លោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងថា ការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងក្លាយជាជម្រើសថ្មីមួយទៀត សម្រាប់វិនិយោគិន ក្នុងវិស័យមូលបត្រ ។ នៅពេលដែលការជួញដូរ ធ្វើឡើងតាមរយៈផ្សារមូលបត្រកម្ពុជា នឹងបើកទូលាយ ឱ្យមានការចូលរួមពីសាធារណជនទូទៅ ក្រុមអ្នកវិនិយោគដែលលទ្ធភាពក្នុងការទិញអាចចូលរួមបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការបោះផ្សាយមូលបត្រប្រភេទនេះ គឺធ្វើឡើងតែនៅក្នុងប្រទេស ដែលមានប្រព័ន្ធហិរញ្ញវត្ថុរីកចម្រើនប៉ុណ្ណោះ។ ខណៈដែលវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា មានការរីកចម្រើន នេះគឺជាជំហានថ្មីមួយរបស់រាជរដ្ឋាភិបាល ក្នុងការចាប់ផ្តើមកៀរទុនពីសាធារណជន សម្រាប់យកទៅអភិវឌ្ឍន៍ក្នុងវិស័យសាធារណៈ បើទោះបីជាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលមានលទ្ធភាពទទួលបាន ប្រភពទុនពីដៃគូរអភិវឌ្ឍន៍ ឬប្រទេសជាមិត្តក៏ដោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here