រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើឱ្យអាមេរិកជួយគាំទ្រនិងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅឡើងវិញ

ដោយ:  សូរិយា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាបន្តទៀត ព្រមទាំងបានបញ្ជាក់ពីតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល រួមមាន បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម។

តាមរយៈជំនួបការងារកាលពីកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងជំនួបការងារ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោកស្រី ខារ៉ូល មីល័រ (Carol Miller) សមាជិកសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ West Virginia នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ក្នុងគោលបំណងឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្រសួង និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រមាណជាង ៣លានដូស ដល់ប្រជាជនកម្ពុជា ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាពិសេសការត្រៀមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅសៀមរាប នាពេលខាងមុខនេះ។

លោក ក៏បានលើកឡើងផងដែរ អំពីទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ដែលមានការកើនឡើងយ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងវិបត្តិកូវីត-១៩ ក៏ដោយ។ លើសពីនេះ លោកបានជម្រាបជូនជាសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានាដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ជាងនេះទៅទៀត លោករដ្ឋមន្រ្តី បានលើកឡើងពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារៈធ្វើដំណើរជាច្រើនមកកម្ពុជា និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោកបានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកដល់កម្ពុជាបន្តទៀត ព្រមទាំងបានបញ្ជាក់ពីតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល រួមមាន បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម។

ជាការឆ្លើយតប ភាគីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ លោករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលគណៈប្រតិភូយ៉ាងកក់ក្តៅ និងបានសម្តែងចំណាប់អារម្មណ៍ចំពោះបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន និងស្វែងយល់ពីសក្តានុពលរបស់កម្ពុជា និងកិច្ចការនានា ដែលសហរដ្ឋអាមេរិកអាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here