ក្រុមហ៊ុនHonda និង LG គ្រោងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីតម្លៃ៤,៤ពាន់លានដុល្លារ

ដោយៈ សុខុម

សេអ៊ូល: ក្រុមហ៊ុន Honda Motor Co និងក្រុមហ៊ុនផលិតអាគុយកូរ៉េខាងត្បូង LG Energy Solution Ltd នឹងបោះទុនចំនួន៤,៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតអាគុយថ្មីមួយ នៅសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន Honda កំពុងស្វះស្វែងបញ្ឈប់ការផលិតរថយន្ត ប្រើឥន្ធនៈហ្វូស៊ីលទាំងស្រុងនៅឆ្នាំ២០៤០។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនHonda បានទម្លាយឱ្យដឹង កាលពីថ្ងៃច័ន្ទ ទី២៩ ខែសីហា ថា រោងចក្រនេះ នឹងមានសមត្ថភាពផលិតអាគុយកម្លាំងប្រមាណ៤០ ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ នៅពេលការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២៥។

ក្រុមហ៊ុនទាំង២នេះ នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនៅឆ្នាំនេះដោយក្នុងនោះក្រុមហ៊ុន Honda នឹងកាន់កាប់ភាគហ៊ុន៤៩% តាម      រយៈការវិនិយោគចំនួន១,៧% ពាន់លានដុល្លារអាមេរិក ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣។

ទោះជាយ៉ាងណា ទីតាំងរបស់រោងចក្រនេះ មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយកាលពីខែមិថុនា ថា ទីតាំងរោងចក្រនេះ​ អាចនៅស្ថិតនៅក្នុងរដ្ឋ Ohio ពីព្រោះក្រុមហ៊ុន Honda មានរោងចក្រផលិតរថយន្តនៅទីនោះរួចទៅហើយ។

ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក កំពុងសម្រុកងាកទៅផលិតរថយន្តអគ្គិសនី (EV) នៅទ្វីបអាមេរិកខាងជើង តាមរយៈការចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនផលិតអាគុយនៅអាស៊ី៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here