អាមេរិកសន្យាជួយ SMEs របស់អាស៊ានឲ្យមានភាពរឹងមាំឡើងវិញ ក្រោយជំងឺកូវីដ១៩

ដោយ: លាងហួរ

បាងកក: នាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ប្រទេសថៃ (DTN) បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា សហរដ្ឋអាមេរិកបានសន្យាថា នឹងជួយសហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសថៃ និងអាស៊ានឱ្យងើបឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩។

លោកស្រី Oramon Sapthaweetham អគ្គនាយកនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ប្រទេសថៃ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាផ្តល់ជំនួយ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក (TIFA) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២១។

លោកស្រីបានបន្តថា សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ជំនួយបច្ចេកទេស ដល់សមាជិកអាស៊ាន ជាពិសេសសម្រាប់អាជីវកម្មអនឡាញ ការធ្វើឱ្យប្រសើរឡើងនូវជំនាញការងារ ស្តង់ដារបរិស្ថាន និងគម្រោងផ្សេងទៀត ដែលជួយសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តោតលើការជួយដល់សហគ្រាសខ្នាតតូចនិងមធ្យមដែលទទួលរងផលប៉ះពាល់ ពីជំងឺកូវីដ១៩។ ជំនួយនេះនឹងមកដល់ក្នុងទម្រង់នៃការធ្វើឱ្យប្រសើរឡើងសម្រាប់ Asean SME Academy ដើម្បីបណ្តុះបណ្តាល និងជួយដល់ប្រតិបត្តិករ។

លោកស្រី Oramon បាននិយាយថា ក្រោមកិច្ចព្រមព្រៀងTIFA អាស៊ាន-អាមេរិក បណ្តាប្រទេសអាស៊ានបានយល់ព្រមលើកកម្ពស់បណ្តាញគយអេឡិចត្រូនិកតែមួយចំណុច ដែលតភ្ជាប់ទៅបណ្តាញសហរដ្ឋអាមេរិក សម្រាប់ប្រតិបត្តិការគយអន្តរជាតិ។ សមាជិកអាស៊ានក៏បានយល់ព្រមជួយសម្រួលដល់ការការពារកម្មសិទ្ធិបញ្ញា សិទ្ធិការងារ និងស្តង់ដារបរិស្ថាន ដើម្បីបង្កើតភាពជាដៃគូពាណិជ្ជកម្មរយៈពេលវែងជាមួយសហរដ្ឋអាមេរិក។

នាយកដ្ឋានចរចាពាណិជ្ជកម្មថៃ(DTN)ក៏កំពុងរៀបចំ សម្រាប់កិច្ចពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ចាប់ពីថ្ងៃទី២៩ខែសីហា ដល់ថ្ងៃទី១ខែកញ្ញា។

ACAFTA ត្រូវបានគេរំពឹងថានឹងអនុវត្តតាមក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-កាណាដា ពីឆ្នាំ២០២១-២០២៥ ដោយផ្តោតលើការលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅក្នុងតំបន់ទាំងពីរ ក្រោយជំងឺកូវីដ តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស ការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរចំណេះដឹង ក្នុងពាណិជ្ជកម្មសេវាកម្ម ការងារ និងការគ្រប់គ្រងបរិស្ថាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here