ក្រសួងឧស្សាហកម្មគ្រោងបង្កើតសួនវិទ្យាសាស្រ្តចំនួនបីនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតសួនវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ។


ការបង្កើតសួននេះ ដើម្បីចូលរួមចំណែកលើកកម្ពស់ វិស័យវិទ្យាសា ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេស គឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ។

លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ​ “សមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ទិសដៅរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងឧស្សាហកម្មដែលជាសេនាធិកា បានកំណត់ទិសដៅថា នៅឆ្នាំ២០២៥ កម្ពុជានឹងមានសួនវិទ្យាសាស្ដ្រយ៉ាងតិច៣”។ លោកបន្តថា “នៅពេលមានសួនវិទ្យាសាស្ដ្រ ក្រសួងនឹងប្រមូលនូវធនធានមនុស្ស ធនធានហរិញ្ញវត្ថុ ដើម្បីរៀបចំសួននេះឲ្យមានកម្រិតបច្ចេកវិទ្យាសបស្រម និងជឿនលឿន”។

លោកបានបន្តថា បណ្ដាប្រទេសមួយចំនួនដូចជា សិង្ហបុរី ថៃ និងវៀតណាមជាដើម មានការបង្កើតជាសួនវិទ្យាសាស្រ្ត ឬសួនបច្ចេកវិទ្យា និងនវានុវត្តន៍នេះជាច្រើនឆ្នាំមកហើយ ហើយបានចូលរួមចំណែកយ៉ាងធំធេង ក្នុងកំណើនសេដ្ឋកិច្ច របស់បណ្តាប្រទេសទាំងនោះផងដែរ ដូច្នេះយើងរំពឹងថា នៅពេលកម្ពុជាបង្កើតសួននេះឡើង នឹងជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានបញ្ជាក់ថា សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នេះមានសារៈសំខាន់ណាស់ សម្រាប់ការកៀរគរបន្ថែមនូវចំណូល ការវិនិយោគទាំងនៅក្នុងស្រុក ទាំងនៅក្រៅប្រទេស ខណៈបច្ចុប្បន្នការវិនិយោគនៅក្នុងស្រុកមានការកើនឡើងជាបន្ដបន្ទាប់ ជាពិសេសទៅលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍តែម្ដង”។

ដោយឡែក ពាក់ព័ន្ធជាមួយអនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍វិញ ត្រូវបានលោក ហេង សុខគង់ បញ្ជាក់ថា បានឆ្លងកិច្ចប្រជុំបច្ចេកទេសចំនួន៦លើក ឆ្លងកិច្ចប្រជុំអន្ដរក្រ​សួងលក្ខណៈបច្ចេកទេសចំនួន២លើក និងបន្ដឆ្លងកម្រិតនយោបាយទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here