តម្លៃទំនិញសំខាន់ៗមួយចំនួនចាប់ផ្តើមឡើងថ្លៃស្របពេលពិធីសែនក្បាលទឹកជិតឈានដល់

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អ្នកស្រង់តម្លៃទំនិញ និងអាជីករផ្សារនៅរាជធានីភ្នំពេញ បានឲ្យដឹងថា តម្លៃទំនិញដែលពាក់ព័ន្ធសំណែនមួយចំនួន មានការប្រែប្រួលជាបណ្តើរៗហើយ ខណៈមួយចំនួនទៀតរក្សាតម្លៃនៅដដែល ស្របពេលពិធីសែនក្បាលទឹកនឹងឈានមកដល់នៅថ្ងៃទី១២ សីហាខាងមុខនេះ។

តាមការឲ្យដឹងរបស់អ្នកស្រង់តម្លៃទំនិញ នៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែសីហានេះ បានលើកឡើងថា ជាការកត់សម្គាល់នៅក្នុងរយះពេលក្រោយនេះ តម្លៃទំនិញមួយចំនួន មានការប្រែប្រួលតម្លៃខ្លះ តែមិនសូវជាច្រើនមុខទេ ក្នុងនោះ អ្វីដែលផ្លាស់ប្តូរញឹកញាប់គឺមាសក្នុងស្រុកប៉ុណ្ណោះ។

យោងតាមរបាយការណ៍សន្ទស្សន៍ ថ្លៃទំនិញចាំបាច់ជីវភាពក្នុងផ្សារច្បារអំពៅ បានបង្ហាញថា បច្ចុប្បន្ន មាន់ខ្មែរថ្លៃ៤០,០០០រៀល ក្នុង១គីឡូ, សាច់ជ្រូក(សាច់សុទ្ធ) ២៨,០០០រៀល ក្នុង១គីឡូ សាច់ជ្រូក(សាច់បីជាន់) ២៥ ០០០រៀល ក្នុង១គីឡូ សាច់គោ ៤០,០០០រៀល ក្នុង១គីឡូ ទា១៨,០០០រៀលក្នុង១គីឡូ ស្ពៃបូកគោ៧,០០០រៀលក្នុង១គីឡូ ដើមខាត់ណា៦,០០០រៀល ក្នុង១គីឡូ, ផ្កាខាត់ណា(ខៀវ) ១០,០០០រៀល ក្នុង១គីឡូ, ឆៃថាវ ៣ ៥០០រៀល ក្នុង១គីឡូ, ការ៉ុត៤,០០០រៀល ក្នុង១គីឡូ និងមីម៉ាម៉ា (ផលិតក្នុងស្រុក) ថ្លៃ២០,០០០រៀល ក្នុង១កេស។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអាជីករផ្សារ បានឲ្យដឹងថា បញ្ហាកើនតម្លៃទំនិញ មិនខុសប្លែកនឹងឆ្នាំកន្លងៗទៅទេ មិនថាពិធីសែនក្បាលទឹក ចូលឆ្នាំចិន និងសែនឆេងម៉េងជាដើម តម្លៃតែងតែប្រែប្រួលពេលខ្លះឡើងខ្ពស់ និងពេលខ្លះតម្លៃនៅថេរ ដោយសារការយកបន្តពីគ្នា ដើម្បីយកមកដាក់លក់រាយតាមបណ្តាផ្សារនានា។

ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរផ្សារ និងមកពីតំបន់គៀនស្វាយ ខេត្តកណ្តាល បាននិយាយថា ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែក្រោយនេះ ការចំណាយលើម្ហូបអាហារ ពិតជាខុសប្លែកពីមុនច្រើន ដោយក្នុងមួយថ្ងៃការចំណាយប្រាក់ លើការទិញម្ហូបអាហារហូបចុក កើនពី១០ ០០០រៀល ទៅ២០,០០០រៀល និងពេលខ្លះកើនលើសដល់១០,០០០រៀល ក៏មាននៅក្នុងមួយថ្ងៃៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here