មន្រ្តីជាន់ខ្ពស់កម្ពុជាចូលរួមបង្ហាញពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព

 ដោយៈ គង់ សូរិយា

       អន្តរជាតិៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក​បណ្ឌិតអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំស្តីពី “ការកំណត់ទិសដៅសម្រាប់ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព”។

នៅក្នុងវេទិកាហេដ្ឋារចនាសម្ព័ន្ធអាស៊ីឆ្នាំ២០២២ ដែលបានប្រព្រឹត្តិទៅចាប់ ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ។

វេទិកាឆ្នាំនេះ ត្រូវរៀបចំឡើងដោយមានការចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ពហុភាគី ស្ថាប័ន ហិរញ្ញវត្ថុ និងវិស័យឯកជន ដូចជាក្រុមហ៊ុនពាណិជ្ជកម្ម និងក្រុមហ៊ុនប្រឹក្សាច្បាប់មកពីប្រទេស កម្ពុជាផងដែរ ដើម្បីពិភាក្សាលើតម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ប្រកបដោយចីរភាព ។ការចែករំលែកបទពិសោធន៍នៃការអនុវត្តកន្លងមករបស់ប្រទេសសឹង្ហបុរី និងការលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមដោះស្រាយបញ្ហាប្រឈម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះក៏បានលើកឡើងនូវចំណុចជាច្រើនរួមមាន ទី១ ផ្សព្វផ្សាយពីការដាក់ឱ្យដំណើរការជាផ្លូវការ នូវបញ្ជីគម្រោងវិនិយោគ (Project Portal) តាមរយៈគេហទំព័ររបស់ Infrastructure Asia ដើម្បីបង្ហាញអំពីព័ត៌មានគម្រោងកំពុងអនុវត្ត និងបញ្ជីគម្រោងដែលមានសក្តានុពលរបស់បណ្តាប្រទេសជាដៃគូជាមួយប្រទេសសឹង្ហបុរី និងទី២ ផ្តល់ឱកាសឱ្យកម្ពុជាផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការគាំទ្ររបស់រដ្ឋដល់ការអភិវឌ្ឍគម្រោង ហេដ្ឋារចនាសម្ព័ន្ធជាពិសេសគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex Center – PPLC) ជាមួយក្រុមហ៊ុនរបស់ប្រទេសសឹង្ហបុរី។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហែម វណ្ណឌី បានថ្លែងថា អតុល្យភាពរវាងធនធានហិរញ្ញវត្ថុ និងតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ទាំងសម្រាប់កម្ពុជា និងប្រទេសក្នុងតំបន់ ក្នុងដំណាក់កាលការងើបឡើងវិញនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍ជំងឺកូវីដ-១៩ គួរតែត្រូវបានគិតគូរឱ្យបានហ្មត់ចត់ ដោយសារការចំណាយវិនិយោគខ្ពស់ ហើយសម្ពាធនិងបន្ទុកថវិកា នឹងមិនជួយឱ្យសម្រេចបាននូវតុល្យភាពនេះទេ។

លោកបន្តថា “ដ្បិតថាបំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរ ប៉ុន្តែដើម្បីបន្តរក្សានូវវិន័យសារពើពន្ធ និងភាពប្រុងប្រយ័ត្នខ្ពស់ផ្នែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច”។លោកបន្តថា “រាជរដ្ឋាភិបាលមានការថ្លឹងថ្លែង និងត្រូវធ្វើការជ្រើសរើសដ៏លំបាក រវាងការសម្រេចឱ្យបាននូវគោលដៅនិងអនុវត្ត គម្រោងនានាដែលបានផ្តួចផ្តើមឡើង ធៀបនឹងតម្រូវការធនធានហិរញ្ញប្បទានដ៏សម្បើម”។

លោកក៏បានបញ្ជាក់ជូនអង្គវេទិកាថា ជាអភិក្រមនៃការបន្តដំណើរទៅមុខក្នុងបរិការណ៍ថ្មីនេះ “យើងត្រូវមានមហិច្ឆតា” ប៉ុន្តែត្រូវសមស្របតាមមធ្យោបាយដែលមាន។ យើងត្រូវតម្រង់គោលដៅដែលខ្ពស់ ប៉ុន្តែត្រូវប្រកប​ដោយភាពជាក់ស្តែងនិយម”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here