ក្រុមហ៊ុនToyota គ្រោងបោះទុនវិនិយោគ១,៨ពាន់លានដុល្លារនៅ ឥណ្ឌូណេស៊ីដើម្បីផលិតរថយន្តអគ្គិសនី

ដោយ: លាងហួរ

ហ្សាការតា: ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp គ្រោងនឹងបោះទុនវិនិយោគ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីផលិតរថយន្តអគ្គិសនី (EVs)។

យោងតាមក្រសួងសេដ្ឋកិច្ច របស់ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធនេះថា ក្រុមហ៊ុនToyota Motor Corpរបស់ជប៉ុននឹងបោះទុនវិនិយោគ ក្នុងទឹកប្រាក់១,៨ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌូណេស៊ី។

រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគោលបំណងប្រែក្លាយប្រទេសខ្លួនជាមជ្ឈមណ្ឌលពិភពលោក សម្រាប់ផលិត និងនាំចេញរថយន្ត EV ដោយប្រទេសនេះអាចផ្គត់ផ្គង់រ៉ែថ្មបាយក្រៀម ដ៏សំបូរបែបរបស់ខ្លួនសម្រាប់ប្រើប្រាស់ក្នុងអាគុយលីចូម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះក្រុមហ៊ុនផលិតរថយន្ត ក្នុងពិភពលោកផ្សេងទៀតបានប្រកាសបោះទុនវិនិយោគធំៗនៅក្នុងតំបន់នេះ រួមមានក្រុមហ៊ុន Hyundai Motor Group របស់កូរ៉េខាងត្បូង និង  LG Energy Solutions ដែលជាអង្គភាពមួយរបស់ LG Group ។

លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនToyota បានបណ្តាក់ទុនចំនួន១៤ទ្រីលានរូពី (ជាង៩៣២លានដុល្លារ)ចាប់តាំងពីឆ្នាំ២០១៩។

រដ្ឋមន្ត្រីឥណ្ឌូណេស៊ីមួយរូបបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនចំនួន២៧០លាននាក់ គ្រោងនឹងលក់តែរថយន្តអគ្គិសនី និងម៉ូតូនៅឆ្នាំ២០៥០ ដើម្បីជំនួសរថយន្តដែលដំណើរការ ដោយម៉ាស៊ីនចំហេះ ខណៈដែលប្រទេសនេះ ព្យាយាមកាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួន។

រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានកំណត់គោលដៅឱ្យប្រជាជន ក្នុងប្រទេសប្រើប្រាស់ ម៉ូតូអគ្គិសនីចំនួន១៣លានគ្រឿង រួមទាំងរថយន្តបំលែង និងរថយន្តអគ្គិសនី ចំនួន២,២លានគ្រឿងនៅលើដងផ្លូវរបស់ខ្លួន ត្រឹមឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here