ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុវៀតណាមនឹងសម្រេចបានទំហំទឹកប្រាក់ ១៨ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៤

ដោយៈ សុខុម

ហាណូយ: ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech របស់វៀតណាម ត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់១៨ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៤។ នេះបើយោងតាមអ្នកវិភាគ មកពីក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុ Robocash Group។

វៀតណាម ជាប្រទេសមួយឈានមុខគេ ក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ទាក់ទងនឹងទំហំហិរញ្ញប្បទាន សម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាប់លេខ២ បន្ទាប់ពីប្រទេសសិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា។

ផ្អែកតាមទិន្នន័យផ្លូវការបង្ហាញថា ៩៣%នៃការវិនិយោគបណ្តាក់ទុនទាំងអស់ ក្នុងទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech នៅប្រទេសវៀតណាម គឺធ្លាក់ទៅលើផ្នែក E-wallet និង E-money។

ចំនួនសរុប នៃក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ បានកើនឡើងដល់៩៧ក្រុមហ៊ុនចាប់តាំងពីឆ្នាំ២០១៦ ដោយកើនឡើង៨៤,៥%។ ទោះជាយ៉ាងណា ចំនួនអាជីវកម្មចាប់ផ្ដើមថ្មី ឬ Startup បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំពី១១ក្រុមហ៊ុនមកនៅត្រឹមតែ២ក្រុមហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារនេះ មានការប្រកួតប្រជែងខ្ពស់ណាស់ ហើយឧបសគ្គក្នុងការហក់ចូលទីផ្សារនេះ ដើម្បីប្រកួតប្រជែងក៏មានខ្ពស់ដែរ។

ចំនួនប្រតិបត្តិការបានកើនឡើង១៥២,៨% ចាប់តាំងពីឆ្នាំ២០១៦ ជាមួយនឹងចំនួនអ្នកប្រើប្រាស់ FinTech ថ្មីៗចំនួន២៩,៥លាននាក់។

យោងតាមក្រុមអ្នកវិភាគឱ្យដឹងថា ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុវៀតណាម នៅក្មេងខ្ចីនៅឡើយ និងមានឱកាសជោគជ័យច្រើននាថ្ងៃអនាគត។ តម្លៃទីផ្សារនេះ បានកើនឡើងយ៉ាងរហ័សពី០,៧ពាន់លានដុល្លារ ដល់៤,៥ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៦កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here