ប្រទេសនៅអឺរ៉ុបមួយនឹងអនុគ្រោះឱ្យពលរដ្ឋជិះរថភ្លើងដោយឥតគិតប្រាក់ចាប់ពីខែកញ្ញាខាងមុខ

ដោយៈ សុខុម

អន្តរជាតិ: តម្លៃសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ទូទាំងប្រទេសអេស្ប៉ាញ ត្រូវបានបញ្ចុះដល់ទៅពាក់កណ្តាលរួចហើយ ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋ ក្នុងគ្រាមានតម្លៃថាមពល និងអត្រាអតិផរណាហក់ឡើងខ្ពស់។
ពេលនេះរដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសបញ្ចុះថ្លៃដល់ទៅ១០០% ពោលគឺមិនយកថ្លៃតែម្ដង។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះឱ្យដឹងថា ចាប់ពីខែកញ្ញា តទៅ អ្នកដំណើរនឹងអាចធ្វើដំណើរច្រើនដំណាក់យ៉ាងតិច១០លើក ឆ្លងកាត់រថភ្លើងពីមួយទៅមួយ ដែលដំណើរការដោយបណ្តាញរថភ្លើងសាធារណៈរបស់រដ្ឋ Renfe ដោយឥតគិតថ្លៃ។

នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសថា សំបុត្រធ្វើដំណើរច្រើនដំណាក់ សម្រាប់សេវារថភ្លើងដូចជា Cercanías, Rodalies និង Media Distance នៃបណ្ដាញរថភ្លើងសាធារណៈរបស់រដ្ឋនឹងមិនគិតថ្លៃចាប់ពីថ្ងៃទី១ ដើមខែកញ្ញា រហូតដល់ដំណាច់ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា យោងតាមការផ្សាយរបស់ទូរទស្សន៍ TVE ឱ្យដឹងថា ការមិនយកថ្លៃនេះ មិនរាប់បញ្ចូលសំបុត្រធ្វើដំណើរតែមួយជើង ឬការធ្វើដំណើរផ្លូវឆ្ងាយនោះឡើយ។

ក្រសួងដឹកជញ្ជូនអេស្ប៉ាញ បានចេញសេចក្តីថ្លែងការណ៍ថា “វិធានការនេះលើកទឹកចិត្តឱ្យពលរដ្ឋ ប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈប្រភេទនេះឱ្យបានច្រើនបំផុត ដើម្បីធានាបានថា តម្រូវការធ្វើដំណើរប្រចាំថ្ងៃជាមធ្យោបាយដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព គួរឱ្យទុកចិត្ត ផាសុកភាព សន្សំសំចៃ និងនិរន្តរភាព ស្របពេលថាមពល និងប្រេងឥន្ធនៈកំពុងហក់ឡើងថ្លៃ”។

គម្រោងរបស់ Renfe ត្រូវបានប្រកាសមិនយូរប៉ុន្មាន បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញ បានប្តេជ្ញាបញ្ចុះថ្លៃ៥០% លើថ្លៃសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ។

នៅអឺរ៉ុប មិនមែនមានតែប្រទេសអេស្ប៉ាញ មួយនោះទេដែលបានចាត់វិធានការណ៍បញ្ចុះថ្លៃ សេវាដឹកជញ្ជូនសាធារណៈបែបនេះ ដោយប្រទេសអាល្លឺម៉ង់ ប្រទេសអូទ្រីស ក៏បានអនុវត្តវិធានការនេះដែរ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here