ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ Fukushima ត្រូវតុលាការក្រុងតូក្យូ បង្គាប់ឱ្យផ្ដល់សំណង៩៥ពាន់លានដុល្លារ

ដោយៈ សុខុម

តូក្យូ: តុលាការក្រុងតូក្យូ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា បានបង្គាប់ឱ្យក្រុមអតីតនាយកប្រតិបត្តិ នៃប្រតិបត្តិកររោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ដែលជាប់ពាក់ព័ន្ធក្នុងគ្រោះមហន្តរាយឆ្នាំ២០១១ ផ្ដល់សំណងខូចខាតដល់ទៅ៩៤,៨ពាន់លានដុល្លារអាមេរិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ក្រុមអតីតនាយកប្រតិបត្តិនៃប្រតិបត្តិករ Tokyo Electric Power Company (Tepco) ត្រូវបានតុលាការបង្គាប់ ឱ្យផ្ដល់សំណងខូចខាត ក្នុងបណ្ដឹងមួយដែលដាក់ប្ដឹងដោយភាគហ៊ុនិកទាក់ទិន គ្រោះមហន្តរាយនុយក្លេអ៊ែរ ដែលបង្កឡើងដោយរលកយក្សស៊ូណាមិដ៏ធំសម្បើម។

យោងតាមការផ្សាយរបស់ National Geographic ឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ប្រទេសជប៉ុន បានជួបគ្រោះរលកយក្សសូណាមិ ធំបំផុត មិនធ្លាប់ជួបក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានផ្ដាច់ជីវិតមនុស្សអស់ជាង១៥.៥០០នាក់ និង៤៥០.០០០ទៀតបាត់បង់ជម្រក ហើយបង្កការខូចខាតយ៉ាងសម្បើម។

ក្រុមដើមបណ្តឹងបានដើរចេញពីតុលាការក្រុងតូក្យូ ដោយដៃកាន់បដាដែលសរសេរថា “ភាគហ៊ុនិកឈ្នះ” និង “ទទួលស្គាល់ទំនួលខុសត្រូវ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Hiroyuki Kawai មេធាវីតំណាងភាគហ៊ុនិកបាននិយាយនៅពេលដាក់ពាក្យបណ្ដឹងនេះថា ត្រូវតែចាប់បង្ខំឱ្យក្រុមនាយកគ្រប់គ្រងជាន់ខ្ពស់សងការខូចខាត។

ក្រុមភាគហ៊ុនិកដែលជាដើមបណ្ដឹងអះអាងថា គ្រោះមហន្តរាយនុយក្លេអ៊ែរនោះ គួរតែអាចទប់ស្កាត់បាន ប្រសិនបើក្រុមនាយករបស់ Tepco ព្រមស្ដាប់លទ្ធផលសិក្សាស្រាវជ្រាវ និងអនុវត្តវិធានការបង្ការទប់ស្កាត់ជាមុន។

ទោះជាយ៉ាងណា ក្រុមមន្ត្រីបានអះអាងថា ការសិក្សាដែលត្រូវបានបង្ហាញទាំងនោះមិនអាចជឿជាក់បាន ហើយហានិភ័យក៏មិនអាចព្យាករដឹងមុននោះដែរ និយាយរួមគឺស្ថានការណ៍លើសពីការគ្រប់គ្រង៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here