ប្រទេសអាល្លឺម៉ង់នឹងឈប់ទិញប្រេងពីរុស្ស៊ីនៅថ្ងៃទី៣១ធ្នូ ចុងឆ្នាំនេះ

ដោយ: លាងហួរ

អាល្លឺម៉ង់:រដ្ឋលេខាធិការគោលនយោបាយទីផ្សារហិរញ្ញវត្ថុ និងគោលនយោបាយអឺរ៉ុប លោក Joerg Kukies បានលើកឡើងនៅក្នុងសន្និសីទនៅទីក្រុងស៊ីដនីថា ប្រទេសអាល្លឺម៉ង់ នឹងឈប់ទិញធ្យូងថ្មរុស្ស៊ីទាំងស្រុងនៅថ្ងៃទី១ខែសីហា និងប្រេងរុស្ស៊ីនៅថ្ងៃទី៣១ខែធ្នូ ចុងឆ្នាំ២០២២នេះ។

លោក Kukies បាននិយាយថា បញ្ហាប្រឈមដ៏សំខាន់ដែលចោទឡើងនាពេលខាងមុខ គឺត្រូវបំពេញចន្លោះខ្វះខាតដ៏ធំ ដែលនៅសល់នៅពេលដែលសហភាពអឺរ៉ុប កាត់ផ្តាច់ខ្លួនឯងពីឧស្ម័នរុស្ស៊ី ចំនួន១៥៨ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។

លោកបានថ្លែង ប្រាប់វេទិកាថាមពលក្នុងទីក្រុងស៊ីដនី ដែលរៀបចំដោយរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារថាមពលអន្តរជាតិថា យើងនឹងឈប់ទិញធ្យូងថ្មរបស់រុស្ស៊ី ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។

លោកបានបន្តថា ពីមុនរុស្ស៊ីបានផ្គត់ផ្គង់ធ្យូងថ្ម៤០ភាគរយ របស់អាល្លឺម៉ង់ និងប្រេង៤០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា ការឈប់ពឹងផ្អែកលើប្រេងពីបំពង់បង្ហូរDruzhba​មិនមែនជារឿងតូចតាចនោះទេ ប៉ុន្តែវាជារឿងមួយដែលយើង នឹងសម្រេចឱ្យបានក្នុងរយៈពេលពីរបីខែខាងមុខ។

ប្រទេសអាល្លឺម៉ង់ កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស នូវស្ថានីយនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីជួយបំពេញចន្លោះខ្វះខាតផ្គត់ផ្គង់ឧស្ម័ន ប៉ុន្តែលោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងកាតាអាចរួមគ្នាផ្គត់ផ្គង់ឧស្ម័នប្រហែល៣០ពាន់លានម៉ែត្រគូបទម្រង់ LNG ទៅកាន់អឺរ៉ុប ប៉ុន្តែនៅតែគ្រប់សម្រាប់បំពេញចន្លោះដែលនៅសល់បាន។

លោកបានបន្ថែមថា ខណៈពេលនេះប្រទេសអាល្លឺម៉ង់ កំពុងផ្តោតលើការផ្លាស់ប្តូរ ទៅរកការបំភាយឧស្ម័នសូន្យហើយថ្មីៗនេះ ប្រទេសនេះបានដាក់ចេញច្បាប់ ដើម្បីពន្លឿនការអភិវឌ្ឍន៍ គម្រោងថាមពលកកើតឡើងវិញ ដែលនឹងផ្តល់សារៈសំខាន់សម្រាប់ការផ្លាស់ប្តូរនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here